ហ្វាំងឡង់ ដែលមានព្រំដែនជាប់រុស្ស៊ី និងបានចូលរួមជាមួយសម្ព័ន្ធយោធាណាតូនៅឆ្នាំ២០២៣ បាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា ខ្លួនទទួលបានប្រព័ន្ធយានដ្រូន និងឧបករណ៍រាវរករាប់រយគ្រឿងដើម្បីបង្កើនខែលប្រឆាំងយានដ្រូនរបស់ខ្លួន ខណៈប្រទេសស្លាបខាងកើតរបស់ណាតូមួយនេះ ពង្រឹងការការពាររបស់ពួកគេ បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន។

យានដ្រូនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ី ផ្ទុះឡើងក្នុងឆ្នាំ២០២២មក ប៉ុន្តែការប្រញាប់កសាងសមត្ថភាពប្រឆាំងយានដ្រូនក្នុងអង្គការណាតូ កាន់តែកើនឡើងថែមទៀត ចាប់តាំងពីយានដ្រូនប្រហែល ២០គ្រឿង ដែលសង្ស័យថាជារបស់រុស្ស៊ី បានជ្រៀតចូលដែនអាកាសប៉ូឡូញ ក្នុងខែកញ្ញា ហើយត្រូវបាញ់ទម្លាក់។

លោក Mano-Mikael Nokelainen ប្រធានអង្គភាពការពារអាកាសរបស់ហ្វាំងឡង់ បានប្រាប់សារព័ត៌មានរ៉យទ័រ នៅឯមូលដ្ឋានយោធា Niinisalo ថា កងកម្លាំងការពាររបស់ហ្វាំងឡង់ ទទួលបានប្រព័ន្ធរាវរកបង្អាក់ដ្រូន SkyWiper Omni Max រាប់រយគ្រឿង ដែលផលិតដោយក្រុមហ៊ុន NT Service មានមូលដ្ឋាននៅលីទុយអានី។
បន្ថែមពីលើប្រព័ន្ធនេះ យោធាហ្វាំងឡង់ក៏បានទិញឧបករណ៍ស្ទាក់ចាប់ដ្រូន Airfence ដែលផលិតដោយក្រុមហ៊ុនហ្វាំងឡង់ Sensofusion និងប្រព័ន្ធបញ្ជាកាំភ្លើងយន្ត Smash របស់ក្រុមហ៊ុន Smartshooter មានមូលដ្ឋាននៅអ៊ីស្រាអែល ដែលជួយសម្រួលដល់ការកំណត់គោលដៅ និងការបាញ់ទម្លាក់យានដ្រូនបានយ៉ាងល្អ៕

