ប្រទេសឥណ្ឌា បានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ IndiGo កាត់បន្ថយជើងហោះហើរដែលបានគ្រោងទុករបស់ខ្លួនចំនួន១០ភាគរយបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍មួយនេះបានលុបចោលសេវាកម្មយ៉ាងហោចណាស់២.០០០វ៉ុល កាលពីសប្តាហ៍មុន ដោយសារតែការរៀបចំផែនការបញ្ជីអាកាសយានិកមិនច្បាស់លាស់ ដែលធ្វើឱ្យអ្នកដំណើររាប់ម៉ឺននាក់ជាប់គាំង។

ការកាត់បន្ថយនេះ ត្រូវបានបង្កើនឡើងពី៥ភាគរយកាលពីពេលមុន ដែលត្រូវបានប្រកាសដោយរដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល លោក Ram Mohan Naidu នៅលើបណ្តាញ X បន្ទាប់ពីកិច្ចប្រជុំជាមួយនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ IndiGo លោក Pieter Elbers ដែលបានលុបចោលការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មក្នុងទីក្រុងឡុងដ្រ៍ ដើម្បីដោះស្រាយវិបត្តិនេះ។
នៅក្នុងការជូនដំណឹងមួយកាលពីថ្ងៃអង្គារ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) បានស្នើសុំឱ្យ ក្រុមហ៊ុនIndiGo កាត់បន្ថយកាលវិភាគក្នុងរដូវរងារបស់ខ្លួនចំនួន៥ភាគរយ និងដាក់ស្នើផែនការកែសម្រួលឡើងវិញនៅថ្ងៃពុធនេះ។

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) បានអនុម័តការចេញដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ចំនួន១៥.០១៤វ៉ុល ក្នុងមួយសប្តាហ៍សម្រាប់រដូវរងា នៅពេលដែលតម្រូវការធ្វើដំណើរកើនឡើងនៅក្នុងប្រទេសឥណ្ឌា។ ក្រុមហ៊ុនអាកាសចរណ៍ បានលុបចោលជើងហោះហើរចំនួន៩៥១វ៉ុល កាលពីខែវិច្ឆិកា ក្នុងចំណោមជើងហោះហើរចំនួន៦៤.៣៤៦វ៉ុល ដែលត្រូវបានអនុម័តសម្រាប់ខែនោះ។