ក្រុមហហាម៉ាស បាននិយាយថា បទឈប់បាញ់មិនអាចបន្តទៅមុខបានទេ ខណៈអ៊ីស្រាអែលបន្តរំលោភលើកិច្ចព្រមព្រៀង ដោយអាជ្ញាធរតំបន់ហ្កាហ្សានិយាយថា បទឈប់បាញ់ត្រូវបានបំពានយ៉ាងហោចណាស់៧៣៨ លើក ចាប់តាំងពីបានចូលជាធរមានកាលពីក្នុងខែតុលា។

លោក Husam Badran មន្ត្រីរបស់ក្រុមហាម៉ាសម្នាក់ បានអំពាវនាវដល់អ្នកសម្របសម្រួលឱ្យបង្កើនសម្ពាធលើអ៊ីស្រាអែលឱ្យអនុវត្តការប្តេជ្ញាចិត្តពេញលេញដែលមានស្រាប់របស់ខ្លួន។ លោក Badran បាននិយាយថា «ដំណាក់កាលបន្ទាប់ ពុំអាចចាប់ផ្តើមបានទេ ដរាបណាការកាន់កាប់របស់អ៊ីស្រាអែលនៅបន្តរំលោភលើកិច្ចព្រមព្រៀង និងគេចវេសពីការប្តេជ្ញាចិត្តរបស់ខ្លួន»។ លោកបាននិយាយបន្ថែមថា «ក្រុមហាម៉ាស បានស្នើសុំឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើការចូលកាន់កាប់ឱ្យបញ្ចប់ការអនុវត្តដំណាក់កាលទីមួយ»។

បទឈប់បាញ់ ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា បានផ្តោតលើការដោះដូរឈ្លើយសឹកដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា ជាមួយនឹងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល និងការដកកងកម្លាំងអ៊ីស្រាអែលដោយផ្នែកចេញពីតំបន់ហ្កាហ្សា។ ប៉ុន្តែព័ត៌មានលម្អិតនៃដំណាក់កាលបន្ទាប់ រួមទាំងការគ្រប់គ្រងនាពេលអនាគតនៅតំបន់ហ្កាហ្សា ការដាក់ពង្រាយកម្លាំងរក្សាស្ថិរភាពអន្តរជាតិ និងការបង្កើតអ្វីដែលត្រូវបានគេហៅថា «ក្រុមប្រឹក្សាសន្តិភាព» នៅតែពុំទាន់ត្រូវបានដោះស្រាយនៅឡើយ។ ទន្ទឹមនឹងនេះ កំហឹងនៅតែបន្តកើនឡើងក្នុងចំណោមប្រជាជនប៉ាឡេស្ទីន និងសហគមន៍អន្តរជាតិ ខណៈការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់បាននិយាយថា ការចរចាលើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់កំពុងដំណើរការទៅមុខ ប៉ុន្តែឧបសគ្គធំៗនៅតែត្រូវជម្នះ។ មន្ត្រីរូបនេះនិយាយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថាការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិលើកដំបូងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៦។