បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល D ជាមួយឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថានក្នុងការប្រកួតជម្រុះជុំទី៣ នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round)។ នេះបើយោងតាមលទ្ធផលចាប់ឆ្នោតនៅទីស្នាក់ការកណ្ដាលសហព័ន្ធកីឡាបាល់ទាត់អាស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ។
ការចាប់ឆ្នោតប្រកួតវគ្គជម្រុះជុំទី៣ នេះមានបេក្ខភាព ២៤ក្រុមចូលរួម និងចែកចេញជា ៦ពូលក្នុងមួយពូលមាន ៤ក្រុម ក្នុងនោះកម្ពុជាស្ថិតក្នុងពូលជាមួយសុទ្ធតែក្រុមធ្លាប់ជួបគ្នាក្នុងរយៈពេលប្រមាណ ៥ឆ្នាំចុងក្រោយនេះ ជាក់ស្ដែងហុងកុងដែលធ្លាប់ជួបកម្ពុជាក្នុងវគ្គជម្រុះជុំទី២ ម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ដោយជើងទី១ ប្រកួតស្មើគ្នា ១-១ នៅភ្នំពេញ មុនកម្ពុជាចាញ់ម្ចាស់ផ្ទះហុងកុង ២-០ នៅជើងទី២។ សម្រាប់ពូល D នេះនឹងប្រកួតនៅទឹកដីកណ្ដាលនាប្រទេសឥណ្ឌា ដែលជាម្ចាស់ផ្ទះដោយការប្រកួតគ្រប់ពូលនឹងចាប់ផ្ដើមដំណាលគ្នា ចន្លោះពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំង ១១ក្រុមឡើងទៅបង្គ្រប់ជុំផ្ដាច់ព្រ័ត្រនាឆ្នាំ២០២៣ នៅប្រទេសចិន ពោលគឺឈរលេខ១ នៃពូលទាំង ៦ រួមជាមួយក្រុមលេខ២ ល្អជាងគេ ៥ក្រុមនឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយនេះ។ សូមរំលឹកថា ក្រុមគោព្រៃកម្ពុជាបានឡើងដល់វគ្គជម្រុះជុំចុងក្រោយនេះ បន្ទាប់ពីបានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកដោយលទ្ធផល ៣-១ ក្នុងជំនួប ២ជើងនៅប្រទេសបារ៉ែនកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ៕
អត្ថបទ៖ លី ឈុនឡា