ទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNCTAD) បាននិយាយកាលពីថ្ងៃអង្គារ (៩ ធ្នូ) ថា ពាណិជ្ជកម្មសកលលើទំនិញ និងសេវាកម្ម ត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពី ៣៥សែនកោដិដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥ នេះជាលើកដំបូងបំផុត។

UNCTAD បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទោះបីជាមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការចំណាយកាន់តែខ្ពស់ និងតម្រូវការសកលមិនស្មើគ្នាដែលពន្យឺតសន្ទុះកំណើនក៏ដោយ ក៏ប៉ុន្តែ ពាណិជ្ជកម្មសកលបានបន្តកើនឡើងរហូតដល់ឆមាសទីពីរនៃឆ្នាំ២០២៥នេះ។ របាយការណ៍បន្តថា ពាណិជ្ជកម្មសកល ត្រូវព្យាករថា នឹងកើនឡើងប្រហែល ៧% ក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន ដែលជាកំណើន ២,២សែនកោដិដុល្លារអាមេរិក នៃចំនួនសរុបកាលពីឆ្នាំមុន។

របាយការណ៍និយាយទៀតថា ទំហំពាណិជ្ជកម្មដ៏រឹងមាំឆ្ពោះទៅរកដំណាច់ឆ្នាំ២០២៥នេះ ជាជាងការកើនឡើងតម្លៃទំនិញដែលបានបង្កើនអតិផរណា គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើន ដែលឆ្លុះបញ្ចាំងពីស្ថិរភាពនៃតម្រូវការសកល។
ដោយសម្លឹងឆ្ពោះទៅមុខ UNCTAD បានព្យាករពីកំណើនខ្សោយបន្តិចនៅក្នុងឆ្នាំ២០២៦ ដោយលើកឡើងពីសកម្មភាពសកលដែលយឺតយ៉ាវ ការកើនឡើងបំណុល ថ្លៃចំណាយពាណិជ្ជកម្មខ្ពស់ និងភាពមិនច្បាស់លាស់ក្នុងសកលលោក៕
