មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងការពារបច្ចុប្បន្នរបស់ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) មិនត្រូវបានបង្កើតឡើងសម្រាប់លក្ខខណ្ឌសម័យសង្គ្រាមទេ ហើយត្រូវការការកែប្រែ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់។
របាយការណ៍នេះ បានដកស្រង់សម្តីលោក Behrouz Kamalvandi អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ដែលបាននិយាយថា ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាមួយ IAEA «ដែលត្រូវបានរៀបចំឡើងតាមរបៀបមួយ ដើម្បីគ្រប់គ្រងកាលៈទេសៈធម្មតា មិនមែនកាលៈទេសៈទាក់ទងនឹងសម័យសង្គ្រាមទេ»។

អ៊ីរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA នៅចុងខែមិថុនា ក្រោមច្បាប់សភា ដោយលើកឡើងពីការបរាជ័យរបស់ទីភ្នាក់ងារនេះ ក្នុងការថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីដើមខែនោះ លើទីតាំងនុយក្លេអ៊ែររបស់ខ្លួន និងការព្រួយបារម្ភអំពីសុវត្ថិភាពនៃទីតាំងទាំងនោះ និងអ្នកវិទ្យាសាស្ត្ររបស់ខ្លួន។ ទោះបីជាមានការផ្អាកក៏ដោយ នាពេលកន្លងទៅ អ៊ីរ៉ង់បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងការពាររបស់ខ្លួន។
IAEA បានស្នើសុំម្តងហើយម្តងទៀត ដើម្បីចូលទៅកាន់ទីតាំងដែលត្រូវបានទម្លាក់គ្រាប់បែក ដោយអ៊ីរ៉ង់បានបដិសេធ។ លោក Kamalvandi បាននិយាយថា ការអនុញ្ញាតឲ្យមានការត្រួតពិនិត្យទីតាំងដែលត្រូវបានវាយប្រហារទាំងនោះ អាចផ្តល់ទិន្នន័យដល់ «សត្រូវ»របស់អ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍៕
