អ៊ុយក្រែន និងរុស្ស៊ី នៅតែចាកឆ្ងាយអំពីវិធីដែលត្រូវបញ្ចប់ជម្លោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក និងដៃគូអឺរ៉ុបរបស់ខ្លួន នឹងបង្ហាញផែនការសន្តិភាពដែលបានកែសម្រួលល្អប្រសើរទៅឲ្យសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ។

លោក Zelenskyy បានជួបជាមួយមេដឹកនាំអឺរ៉ុបនៅទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ។ លោកបាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា បានត្រៀមរួចរាល់ដើម្បីបញ្ជូន «ឯកសារដែលបានកែសម្រួលដ៏ល្អប្រសើរ» ក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ លោកបាននិយាយថា សម្រាប់ផែនការពេលបច្ចុប្បន្ននេះ អ៊ុយក្រែននិងអឺរ៉ុប «មានការវិវឌ្ឍកាន់តែច្រើន»។
បន្ទាប់ពីកិច្ចប្រជុំ លោក Zelenskyy បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា «រុស្ស៊ី កំពុងទទូចឱ្យយើងបោះបង់ចោលទឹកដី ប៉ុន្តែយើងគ្មានបំណងបោះបង់ចោលអ្វីទាំងអស់»។
គេហទំព័រព័ត៌មានអាមេរិក Axios បានរាយការណ៍ថា លោក Zelenskyy កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិកក្នុងការទទួលយកការបាត់បង់ទឹកដីសំខាន់ៗ និងសម្បទានផ្សេងទៀតនៅក្នុងផែនការសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump។
