ការគំរាមកំហែងនៃសង្គ្រាមលោកមួយទៀត បានថយចុះ ដោយសារគោលនយោបាយ ដែលកំពុងត្រូវបានអនុវត្តដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump)។ នេះបើយោងតាមបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកការវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសក្រៅ លោក Kirill Dmitriev។

លោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានសរសេរនៅលើទំព័ររបស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«នេះគឺជាការពិតដែលថា សង្គ្រាមលោកលើកទី ៣ គឺ កំពុងតែកើតឡើង ហើយនឹងត្រូវបានបញ្ជៀស ដោយសារលោកប្រធានាធិបតី ត្រាំ និងក្រុមរបស់ លោក។
នៅក្នុងសារបង្ហោះរបស់ខ្លួន លោកនាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ក៏បានថ្លែងអំណរគុណដល់មេដឹកនាំអាមេរិករូបនេះចំពោះភាពច្បាស់លាស់លើប្រទេសរុស្ស៊ី «ដែលមានជំហរចរចាខ្លាំងជាងអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះ»៕
