សៀមរាប៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអោយប្រើច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឹកូវីដ១៩ និងជំងឺកាចសាហាវផ្សេងទៀត។ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមួយចំនួន នៅខេត្ដសៀមរាប បានសម្ដែងការពេញចិត្ដ និងគាំទ្រដល់រាជរដ្ឋាភិបាលពេញទំហឹង ដោយទទួចអោយរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ មានប្រសិទ្ធិភាព ព្រោះការឆ្លងរីករាលដាល នៃជំងឺកាចសាហាវនេះ ធ្វើអោយប៉ះពាល់ដល់ជីវិតមនុស្ស។
អ្នកស្រី នួន គឹមសួរ តំណាងអោយប្រជាពលរដ្ឋនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប បានសម្ដែងការពេញចិត្ដ និងគាំទ្រយ៉ាងខ្លាំងទៅលើច្បាប់នេះ ដោយអ្នកស្រីលើកឡើងថា រាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង ចង់អោយប្រជាពលរដ្ឋខ្លួនរួចផុតពីគ្រោះថ្នាក់ ដែលបង្កើឡើងដោយអ្នកដទៃ។
អ្នកស្រីបន្ដថា ការបង្កើតច្បាប់ដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្ដខុសនោះ នឹងធ្វើអោយប្រជាជាតិមានសេចក្ដីសុខ មានសុវត្ថិភាព មានការអភិវឌ្ឍ ព្រមទាំងធ្វើអោយប្រទេសជាតិរីកចំរើនផងដែរ ព្រោះថាប្រទេសជាតិគ្មានច្បាប់គ្រងលើ បញ្ហាអ្វីមួយបណ្ដាលអោយអន្ដិសុខក្នុងសង្គម។
ដោយឡែក លោក សោ តារា តំណាងអោយប្រជាពលរដ្ឋនៅភូមិតាវៀន បានអោយដឹងដែរថា ក្រោយពីផ្ទុះជំងឺកូវីដ១៩ចូលប្រទេសកម្ពុជា មានប្រជាពលរដ្ឋខ្មែរមួយចំនួនដែលបានផ្ទុកមេរោគកូវីដ១៩ បានចម្លងពីមនុស្សម្នាក់ទៅមនុស្សបង្កជាការផ្ទុះចូលសហគមន៍ ដែលធ្វើរាជរដ្ឋាភិបាលមានការព្រួយបារម្ភខ្លាចបញ្ហាកើតឡើងធំ ទើបបានបង្កើតច្បាប់នេះឡើងមិនអោយប៉ះពាល់ដល់សុខភាពមនុស្ស។
លោកបានបន្ដថា ច្បាប់នេះមានអត្ដប្រយោជន៍ខ្លាំងសម្រាប់ការពារប្រជាពលដ្ឋខ្មែរអោយរួចផុតពីជំងឺកាចសាហាវ ជាពិសេសទប់ស្កាត់មនុស្សណាដែលវិជ្ជមានកូវីដ១៩ ទៅចម្លងមនុស្សម្នាក់ទៀត ដែលពួកគាត់កំពុងមានសេចក្ដីសុខ។ លោកថា លោកតំណាងអោយពលរដ្ឋនៅក្នុងភូមិនេះ សូមសម្ដែងការពេញចិត្ដយ៉ាងខ្លាំងទៅលើច្បាប់នេះ និងសុំអោយប្រជាបលរដ្ឋផ្សេងទៀតចូលរួមគាំទ្រ និងរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ អោយមាប្រសិទ្ធិភាពទៅលើពលរដ្ឋណា ដែលមានផ្ទុកមេរោគកូវីដ១៩ ហើយដើរចម្លងដល់អ្នកដទៃ។
ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១១ ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។
ច្បាប់នេះ មាន៦ជំពូក និង១៨មាត្រា ធ្វើឡើងក្នុងគោលបំណង កំណត់ពីវិធានការច្បាប់ កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តន៍ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ។
ជាមួយគ្នានេះ ច្បាប់នេះ ចាប់ពីជំពូកទី៣ មាត្រា៥ ដល់មាត្រា១១ ត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើបុគ្គលដែលមិនអនុវត្ដតាមវិធានការសុខាភិបាល ក៏ដូចជាវិធានរដ្ឋបាល ដែលក្នុងនោះ ទោសព្រហ្មទណ្ឌមានវិន័យជាប្រាក់ និងដាក់ទោសពី ៦ខែដល់ ២០ឆ្នាំ និងទណ្ឌកម្មរដ្ឋបាលប្រឈមដកហូតឬព្យួរអាជ្ញាប័ណ្ណ និងបិទអាជីវកម្មជាដើមផងដែរ៕ អត្ថបទ៖ សាវី