បាល់ទាត់៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំថៃ និងវៀតណាមនឹងត្រូវជួបគ្នាជាថ្មីក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U23 Championship 2022 នាថ្ងៃទី២៦ ខែកុម្ភៈស្អែកនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

មុនដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុម U23 ថៃគឺបានទម្លាក់ក្រុមយុវជនឡាវក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយលទ្ធផល ២-០ ដែលធ្វើសម្រេចដោយកីឡាករ Teerasak និង Kroekphon ខណៈវៀតណាមបានយកឈ្នះក្រុម U23 ទីម័រខាងកើតដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួតពេញម៉ោង ៩០នាទី និងបន្ថែមម៉ោង ១៥នាទី ២ដង។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមទាំងពីរត្រូវជួបគ្នាម្ដងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីវៀតណាមធ្លាប់បានយកឈ្នះថៃ ១-០ កាលពីវគ្គជម្រុះក្នុងពូល។ ចំពោះការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកលើទឹកដីកម្ពុជានេះ នឹងប្រកួតនាម៉ោង ៧៖៣០នាទីយប់ថ្ងៃសៅរ៍ស្អែកនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយបញ្ចប់ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងឡាវ និងទីម័រខាងកើតនាម៉ោង ៤ល្ងាច។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕
អត្ថបទ៖ លី ឈុនឡា