បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Axios របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋបាលរបស់លោក Donald Trump កំពុងជំរុញយ៉ាងខ្លាំងឲ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលយកកំណែថ្មីនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាអ្វីដែលអាចនឹងនាំឲ្យមានការបាត់បង់ទឹកដីដ៏ធំ សម្រាប់អ៊ុយក្រែន។
ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ២នាក់ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី៨ ខែធ្នូ) ថា លោក Steve Witkoff ដែលបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានពិភាក្សាអំពីផែនការនេះជាមួយលោក Zelensky អំឡុងការជជែកតាមទូរសព្ទរយៈពេល ២ម៉ោង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដោយទាមទារឲ្យមានការ «ការយល់ព្រម» ច្បាស់លាស់ពីមេដឹកនាំអ៊ុយក្រែន។

នៅពេលត្រូវបានសួរក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា តើលោកបានកំណត់ពេលវេលាដល់លោក Zelensky ដើម្បីឲ្យសម្រេចចិត្តលើកិច្ចព្រមព្រៀងនេះដែរ ឬអត់នោះ លោក Trump បាននិយាយកាលពីថ្ងៃចន្ទថា៖ «មែនហើយ គាត់ (លោក Zelensky) នឹងត្រូវទទួលយកឱកាសនេះ ហើយចាប់ផ្តើមទទួលយកអ្វីៗ ព្រោះគាត់កំពុងបរាជ័យ»។
ចំណែកសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Trump សង្ឃឹមថា នឹងមានការព្រមព្រៀង «ត្រឹមថ្ងៃបុណ្យណូអែល» ហើយលោក Zelensky បានប្រាប់អ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិកថា លោកត្រូវការពេលវេលា ដើម្បីពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។
គួរបញ្ជាក់ថា លោក Witkoff និងលោក Kushner បានបញ្ចប់កិច្ចចរចារយៈពេល ៣ថ្ងៃជាមួយអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន កាលពីថ្ងៃសៅរ៍ នៅទីក្រុង Miami រដ្ឋ Florida របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចប្រជុំប្រហែល ៥ម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជុំវិញកិច្ចព្រមព្រៀង នៅទីក្រុងមូស្គូ កាលពីដើមសប្តាហ៍មុន។ ក្នុងអំឡុងពេលចរចា រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនប្រគល់តំបន់ Donbas ទាំងមូល នៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះរួមទាំងទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវផងដែរ៕


