អារ៉ាប៊ីសាអ៊ូឌីតបានអំពាវនាវឲ្យដកកងកម្លាំងនៃក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) ចេញពីខេត្ត Hadramaut និង Al-Mahra ខណៈដែលគណៈប្រតិភូកម្រិតខ្ពស់មួយក្រុមដែលបានទៅទស្សនកិច្ចខេត្ត នេះ កាលពីថ្ងៃអង្គារ បានប្រកាសពីការរៀបចំថ្មីមួយ ដើម្បីធានាបាននូវការផលិតប្រេងដែលមិនមានការរំខាន នៅក្នុងតំបន់ប្រេង PetroMasila។
លោកឧត្តមសេនីយ៍ឯក Mohammed Al-Qahtani ដែលដឹកនាំគណៈប្រតិភូអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា ព្រះរាជាណាចក្រនេះ នៅតែប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងខេត្ត Hadramaut និងដើម្បីទប់ស្កាត់ខេត្តនេះពីការធ្លាក់ចូលទៅក្នុងវដ្តនៃជម្លោះថ្មីមួយ។

លោកបាននិយាយថា ការស្ដារឡើងវិញនូវការរៀបចំសន្តិសុខពីមុន គឺមានសារៈសំខាន់ណាស់ ក្នុងការការពារស្ថិរភាព។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋយេម៉ែន SABA។
លោក Qahtani បានប្រកាសថា មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត អាជ្ញាធរមូលដ្ឋាន និងសម្ព័ន្ធកុលសម្ព័ន្ធ Hadhramaut បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីរក្សារោងចក្រផលិតប្រេង PetroMasila ឲ្យនៅអព្យាក្រឹត និងដំណើរការ។
ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងដែលកំពុងគ្រប់គ្រងតំបន់ប្រេងនឹងត្រូវដកចេញ ហើយត្រូវបានជំនួសដោយអង្គភាព Hadrami ដែលប្រតិបត្តិការ ក្រោមការគ្រប់គ្រងដោយផ្ទាល់ពីអាជ្ញាធរមូលដ្ឋានរបស់ ខេត្តនេះ៕
