ដោយសារសង្គ្រាមកំពុងឆាបឆេះ នៅក្នុងប្រទេសអ៊ុយក្រែនជិតខាង និងការបែកបាក់យ៉ាងជ្រៅនៅក្នុងប្រទេសនេះ រដ្ឋាភិបាលគាំទ្រអឺរ៉ុបរបស់ប្រទេសប៉ូឡូញ បានជាប់គាំង ខណៈដែលប្រធានាធិបតីជាតិនិយមរបស់ខ្លួន រារាំងកំណែទម្រង់ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។
ទោះបីជាលោកបានកាន់តំណែងបានត្រឹមតែ ៤ខែ ក៏ដោយ លោកប្រធានាធិបតី Karol Nawrocki ដែលគាំទ្រដោយគណបក្សប្រឆាំងស្តាំនិយមរបស់ប្រទេសប៉ូឡូញ បានវេតូច្បាប់ចំនួន ១៧ ដែលសភាបានអនុម័តរួចហើយ។

លោក Nawrocki ក៏បានបដិសេធការតែងតាំង និងការឡើងឋានៈសម្រាប់ចៅក្រម ឯកអគ្គរដ្ឋទូត និងភ្នាក់ងារសេវាកម្មពិសេសផងដែរ។
ដោយបានកាន់តំណែងតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រមុខរដ្ឋរូបនេះបានរិះគន់រដ្ឋាភិបាលចម្រុះកណ្តាលនិយមរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk ដោយដាក់ខ្លួនលោក ជាអ្នកការពារចុងក្រោយនៃអធិបតេយ្យភាពជាតិ។
នេះ គឺជាការសម្រេចមួយដែលមនុស្សជាច្រើននៅក្នុងរដ្ឋាភិបាល និងក្រុមប្រឆាំង បានប្រៀបធៀបទៅនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលលោក Nawrocki មានភាពស្រដៀងគ្នាខាងមនោគមន៍វិជ្ជា៕
