ទីក្រុងប៉េកាំងនៅថ្ងៃពុធនេះបានតវ៉ាប្រឆាំងចំពោះទណ្ឌកម្មរបស់ចក្រភពអង់គ្លេសលើក្រុមហ៊ុនចិនពីរ ដែលទីក្រុងឡុងដ៍បានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអ៊ីនធឺណិតប្រឆាំងនឹងចក្រភពអង់គ្លេស ដោយនិយាយថា វិធានការនេះ ស្មើនឹង «ការរៀបចំនយោបាយ» នៃបញ្ហាសន្តិសុខ។

ក្រសួងការបរទេសអង់គ្លេសកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន i-Soon និង Integrity Technology Group ដែលមានមូលដ្ឋាននៅប្រទេសចិន «ជុំវិញសកម្មភាពអ៊ីនធឺណិតដ៏ធំសម្បើម និងមិនរើសអើងរបស់ពួកគេប្រឆាំងនឹងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួន»។ នេះបើយោងតាមអ្នកប្រមុខការទូតរបស់ទីក្រុងឡុងដ៍ លោកស្រី Yvette Cooper។
អង្គភាពរុស្ស៊ីជាច្រើន ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ជុំវិញការចោទប្រកាន់ពីបទបង្ខូចទ្រង់ទ្រាយព័ត៌មាន ដើម្បីគាំទ្រទីក្រុងមូស្គូ។
អ្នកនាំពាក្យក្រសួងការបរទេសទីក្រុងប៉េកាំង លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា៖«ប្រទេសចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តរបស់ចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់បញ្ហាសន្តិសុខតាមអ៊ីនធឺណិតសម្រាប់ការរៀបចំនយោបាយនោះ»៕
លោក Guo បាននិយាយថា រដ្ឋាភិបាលបានដាក់ «ពាក្យតវ៉ាយ៉ាងម៉ឺងម៉ាត់» ជាមួយតំណាងអង់គ្លេសនៅទីក្រុងប៉េកាំង និងទីក្រុងឡុងដ៍៕
