ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានដាក់ការតវ៉ាផ្លូវការ ជាមួយតំណាងចិន និងរុស្ស៊ី នៅថ្ងៃពុធ (ទី១០ ខែធ្នូ) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រាប់ថា យន្តហោះចម្បាំងរបស់ប្រទេសទាំង២ បានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។

ទីក្រុងសេអ៊ូលបានបញ្ជាក់ថា ពាក្យតវ៉ានេះត្រូវបានដាក់ទៅអនុព័ន្ធការពារជាតិនៃប្រទេសទាំង២ នៅក្នុងរដ្ឋធានីរបស់កូរ៉េខាងត្បូង។
ដោយសំដៅទៅដល់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសកូរ៉េ (KADIZ) អគ្គនាយកការិយាល័យគោលនយោបាយអន្តរជាតិ នៅក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល គឺលោក Lee Kwang-suk បាននិយាយថា៖ «យោធារបស់យើង នឹងបន្តឆ្លើយតបយ៉ាងសកម្ម ចំពោះសកម្មភាពនៃយន្តហោះរបស់ប្រទេសជិតខាងទាំង២ នៅក្នុង KADIZ ដោយអនុលោមតាមច្បាប់អន្តរជាតិ»។
កូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានដាក់ពង្រាយ «យន្តហោះចម្បាំង» ដើម្បីចាត់វិធានការយុទ្ធសាស្ត្រ ដែលជាការរៀបចំក្រែងលោមានហេតុការណ៍ណាមួយ» ដើម្បីឆ្លើយតបទៅនឹងការលុកចូលរបស់ចិន និងរុស្ស៊ីទៅក្នុង KADIZ។
បន្ទាប់មកនៅថ្ងៃនោះ ទីក្រុងប៉េកាំង បានអះអាងថា ខ្លួនបានរៀបចំសមយុទ្ធជាមួយយោធារុស្ស៊ី តាម «ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ»។ ទីក្រុងមូស្គូ ក៏បានពណ៌នាថា វាគឺជាសមយុទ្ធធម្មតា ដោយបន្ថែមថា ការហ្វឹកហ្វឺននោះ មានរយៈពេល ៨ម៉ោង ហើយថា យន្តហោះចម្បាំងបរទេសមួយចំនួន បានតាមយន្តហោះរបស់រុស្ស៊ី និងចិន៕
