ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យមាតាបិតាត្រូវនាំកូនៗរបស់ខ្លួន ដែលមានអាយុចាប់ពី ៦ឆ្នាំដល់១២ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់ៗគ្នា នៅតាមគោលដៅទីតាំងមូលដ្ឋាន ដែលអាជ្ញាធរបានរៀបចំកំណត់។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្ត បានឲ្យដឹងថា កាលដែលក្មួយៗបានទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្លងកូវីដ-១៩ បានចូលសាយពេញសរីរាង្គហើយនោះវាអាចមានប្រយោជន៍ច្រើន ក្នុងការបង្ការទប់ស្កាត់ការចម្លងបានច្រើនពីវីរុសកូវីដពិសេសនោះវីរុសបំប្លែងថ្មីអូរមីក្រុង។
ឯកឧត្តម បន្តថា ការចាក់វ៉ាក់សាំងដូសជំរុញបានគ្រប់ដូសទាំងទី១ ទី២និងទី៣ បានគ្រប់ដូសហើយនោះ វាធ្វើឲ្យសរីរាង្គយើងបានកាន់តែរឹងមាំបន្ថែមទៀត ដើម្បីការពាររាល់ការចម្លងពីវីរុសផ្សេងៗបាន។ ខណៈពេលនេះ បញ្ហាជំងឺអូមីក្រុង កំពុងតែរាលដាលក្នុងសហគមន៍ ដូច្នេះមានតែការចាក់វ៉ាក់សាំងនោះទេ ទើបជីវិតយើងបាននៅគង់វង្ស៕អត្ថបទ៖ ឃិនសារិទ្ធ