នៅថ្ងៃពុធ (ទី១០ ខែធ្នូ) នេះ ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា ខ្លួននៅតែរង់ចាំចម្លើយផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ជុំវិញសំណើរបស់លោកប្រធានាធិបតី Vladimir Putin ក្នុងការរួមគ្នាប្រកាន់ខ្ជាប់នូវសន្ធិសញ្ញាគ្រប់គ្រងអាវុធចុងក្រោយរបស់រុស្ស៊ី-អាមេរិក ដែលត្រូវផុតកំណត់ក្នុងរយៈពេលមិនដល់ ២ខែទៀតឡើយ។
សន្ធិសញ្ញា New START ដែលត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី អាចដាក់ពង្រាយបាន ព្រមទាំងការដាក់ពង្រាយមីស៊ីល ដែលមានមូលដ្ឋានលើដី និងនាវាមុជទឹក ហើយនិងយន្តហោះទម្លាក់គ្រាប់បែក ដើម្បីបំពាក់ក្បាលគ្រាប់ទាំងនោះ។
កាលពីខែកញ្ញា លោក Putin បានស្នើឲ្យបន្តដោយស្ម័គ្រចិត្តរយៈពេល ១ឆ្នាំ សម្រាប់ការកំណត់ ស្ដីពីការពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលមានចែងក្នុងសន្ធិសញ្ញានេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីខែតុលាថា ការស្នើនោះស្តាប់ទៅដូចជា «គំនិតដ៏ល្អមួយ»។

លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី ដែលប្រៀបដូចជាការិយាល័យនយោបាយសម័យទំនើបនៃមន្ត្រីដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី គឺលោក Sergei Shoigu បាននិយាយថា៖ «យើងមានពេលមិនដល់ ១០០ថ្ងៃនោះទេ មុនពេលសន្ធិសញ្ញា New START ផុតកំណត់»។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក Shoigu បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងកំពុងរង់ចាំការឆ្លើយតប»។ លោកបានបន្ថែមថា សំណើរបស់ទីក្រុងមូស្គូ គឺជាឱកាសមួយ ដើម្បីបញ្ឈប់ «ចលនាបំផ្លិចបំផ្លាញ» ដែលបច្ចុប្បន្នមាននៅក្នុងការលក្ខខណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិក រួមគ្នាមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ១០.០០០គ្រាប់ ឬ ៨៧ភាគរយនៃបញ្ជីសារពើភ័ណ្ឌអាវុធនុយក្លេអ៊ែរសកល៕
