ប្រភពយោធាចំនួន ២ បានប្រាប់ឲ្យដឹងថា យន្តហោះដឹកជញ្ជូនយោធាស៊ូដង់ ១គ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ (ទី៩ ខែធ្នូ) ខណៈពេលដែលកំពុងព្យាយាមចុះចតនៅមូលដ្ឋានទ័ពអាកាស នៅភាគខាងកើតរបស់ប្រទេស ដោយបានបណ្ដាលឲ្យសមាជិកអាកាសយានិកទាំងអស់បាត់បង់ជីវិត។
យន្តហោះដឹកទំនិញប្រភេទ Ilyushin Il-76 បានធ្លាក់ខណៈដែលវាព្យាយាមចុះចតនៅមូលដ្ឋានអាកាស Osman Digna ក្នុងទីក្រុងសមុទ្រក្រហម Port Sudan បន្ទាប់ពីមាន «បញ្ហាបច្ចេកទេស»។ នេះបើយោងតាមប្រភពយោធាដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យប្រាប់អ្នកសារព័ត៌មាន។

ចំណែកប្រភពយោធាមួយទៀត ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរនោះ បានប្រាប់ថា៖ «សមាជិកទាំងអស់នៃក្រុមអាកាសយានិករបស់យន្តហោះនេះ បានស្លាប់ក្នុងហេតុការណ៍ធ្លាក់នេះ»។
កងទ័ពស៊ូដង់មិនបានបង្ហាញពីចំនួនបុគ្គលិកប៉ុន្មាននាក់ ដែលជិះនៅលើយន្តហោះនោះទេ ហើយមិនទាន់មានតួលេខផ្លូវការពីអ្នកស្លាប់នៅឡើយដែរ។
យន្តហោះប្រភេទ Il-76 ដែលជាយន្តហោះដឹកជញ្ជូនធុនធ្ងន់ផលិតឡើងដោយសូវៀត បានបម្រើការជាឧបករណ៍ដឹកជញ្ជូនរបស់យោធាជាយូរមកហើយ ហើយត្រូវបានគេប្រើ ដើម្បីដឹកជំនួយផ្គត់ផ្គង់ និងបុគ្គលិកឆ្លងសមរភូមិជួរមុខ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលស៊ូដង់នៅតែជាប់ក្នុងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕
