បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមដែលកំពុងមានទំរង់លេងល្អ Wolverhampton នៅទឹកដី Emirate ខណៈជ័យជំនះនឹងបង្កើនក្តីសង្ឃឹមប្រជែងតំណែង Top4។ Wolves ដែលស្ថិតក្រោមការដឹកនាំរបស់លោក Bruno Lage ដែលទើបតែយកឈ្នះ Leicester City និង Tottenham Hotspur នោះក៏នៅតែចាប់ផ្តើមបានល្អទៀតបន្ទាប់ពីកីឡាករកូរ៉េ Hwang Hee-chan បើកការនាំមុខតាំងពីនាទីទី១០។

អ្នកគាំទ្រម្ចាស់ផ្ទះត្រូវរង់ចាំដល់នាទីទី៨២ ទើបកីឡាករបម្រុង Nicolas Pepe អាចតាមស្មើវិញបាន។ រឿងដែលស៊យបំផុតសំរាប់ Wolves នោះគឺហៀបនឹងចប់ការប្រកួតទៅហើយ ពោលគឺនាទីទី៩០+៥ ខ្សែប្រយុទ្ធបារាំង Alexander Lacazette បញ្ជូនចូលប៉ះចុងដៃរបស់អ្នកចាំទី Jose Sa ចូលទីហើយគ្រាប់បាល់នេះត្រូវបានសំរេចថា ជាគ្រាប់ចូលទីខ្លួនឯងរបស់ Jose Sa។ ជ័យជំនះនេះធ្វើឱ្យក្រុមរបស់លោក Mikel Arteta រំកិលឡើងមកលេខ ៥ មាន ៤៥ពិន្ទុដេញពីក្រោយក្រុមលេខ ៤ Manchester United តែ ១ពិន្ទុប៉ុណ្ណោះ និងមានពីរប្រកួតនៅក្នុងដៃ។ ចំណែក Wolves បន្តឈរលេខ ៧ មាន ៤០ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ