អ៊ុយក្រែន៖ ប៉ុន្មានសប្ដាហ៍នៃការព្រមានការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ កុម្ភៈ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយសារតែការឈ្លានពានចូលអ៊ុយក្រែន ការឈ្លានពាននេះនាំឲ្យមានការថ្កោលទោសពីជុំវិញពិភពលោក រួមទាំងការដាក់ទណ្ឌកម្ម។ ស្ថានទូតអ៊ុយក្រែនប្រចាំក្នុងទីក្រុងឡុងដ៍របស់អង់គ្លេសបានហៅបញ្ជារបស់លោក Putin ថា ជាសង្គ្រាមគ្មានមូលហេតុដោយបន្ថែមថា រុស្ស៊ីកំពុងបង្កើតសង្គ្រាមប្រឆាំងអឺរ៉ុប និងពិភពលោកទាំងមូល។

លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានវាយបកទៅនឹងការឈ្លានពាន របស់រុស្ស៊ីចូលអ៊ុយក្រែនដោយការប្រកាសដាក់ទណ្ឌកម្មថ្មីធ្ងន់ធ្ងរ ការបញ្ជាឲ្យបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធយោធាណាតូ និងប្រកាសថា អាមេរិកនឹងក្រោកឈរប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ប្រតិកម្មពីអង្គការណាតូវិញ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថា ជាទង្វើដ៏ឃោឃៅនៃសង្គ្រាម និងការបង្ហូរឈាមត្រជាក់ និងការឈ្លានពានដែលមានគម្រោងពីយូរមកហើយ។ ចំណែករដ្ឋមន្ត្រីការបរទេសអូទ្រីសលោក Alexander Schallenberg បានសរសេរលើបណ្ដាញសង្គមធ្វីធ័រថា ប្រទេសអ៊ុយក្រែនក្លាយជាជនរងគ្រោះ នៃការឈ្លានពានមួយផ្សេងទៀតរបស់រុស្ស៊ី។ រុស្ស៊ីបានជ្រើសយកផ្លូវនៃអំពើហិង្សា។

ប្រធានាធិបតីបុលហ្គារីលោក Rumen Radev បានរិះគន់រុស្ស៊ីចំពោះការទទួលស្គាល់តំបន់ផ្ដាច់ខ្លួន Donetsk និង Luhask ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ជាហេតុនាំឲ្យជម្លោះកើតឡើង។ ហើយវិបត្តិនេះមិនអាចដោះស្រាយតាមរយៈការបំពានច្បាប់អន្តរជាតិ និងមធ្យោបាយយោធា។ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឆែកបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសការឈ្លានពានខុសច្បាប់ និងគ្មានមូលដ្ឋានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានថ្លែងថា ការលុកលុយរបស់រុស្ស៊ីលើសេរីភាព និងអធិបតេយ្យភាពជាតិ គ្មានកន្លែងនៅក្នុងអឺរ៉ុបក្នុងពេលវេលារបស់យើងទេ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ខ្លួន។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានចោទប្រកាន់បទបញ្ជារបស់លោក Putin ថា ជាទង្វើឃោរឃៅនៃការឈ្លានពានប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាព និងឯករាជ្យ និងមនុស្សស្លូតត្រង់។ មេដឹកនាំប្រទេស G7 បានថ្កោលទោសការវាយប្រហាររុស្ស៊ីលើអ៊ុយក្រែន និងបានប្ដេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយមានការសម្របសម្រួល៕
អត្ថបទ៖ សុខមាន