នាយករដ្ឋមន្ត្រីអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «បង្កើនសំឡេងរបស់ខ្លួន»ដើម្បីទប់ស្កាត់ស្ថានភាពលំបាករបស់ប្រជាជនប៉ាឡេស្ទីនពីការត្រូវបានគេបំភ្លេចចោល ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូន អាបាស (Mahmud Abbas)។

លោកនាយករដ្ឋមន្ត្រី Pedro Sanchez ក៏បានបញ្ជាក់ម្តងទៀតអំពីការគាំទ្ររបស់ទីក្រុងម៉ាឌ្រីដដល់ ដំណោះស្រាយរដ្ឋពីរ ដោយពណ៌នាថាវាជា «ដំណោះស្រាយតែមួយគត់ដែលអាចធ្វើទៅបាន» ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។
លោកបានសង្កត់ធ្ងន់ថា បទឈប់បាញ់ថ្មីៗនេះនៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា ត្រូវតែជាការពិត មិនមែន «ប្រឌិត» ទេ ហើយទទូចថា ការវាយប្រហារលើជនស៊ីវិល ត្រូវតែបញ្ចប់។
នាយករដ្ឋមន្ត្រីសង្គមនិយមរូបនេះ បាននិយាយនៅពេលលោកឈរក្បែរលោក អាបាស នៅទីក្រុងម៉ា ឌ្រីដថា «ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏អាក្រក់សម្រាប់ប្រជាជនប៉ាឡេស្ទីន»។
«សន្តិភាពពិតប្រាកដត្រូវតែផ្អែកលើយុត្តិធម៌។ អ្នកដែលទទួលខុសត្រូវចំពោះការប្រល័យពូជសាសន៍នេះនឹងត្រូវទទួលខុសត្រូវ មិនយូរមិនឆាប់»។

លោក អាបាស បានថ្លែងអំណរគុណដល់ប្រទេសអេស្ប៉ាញសម្រាប់ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងខែឧសភា ឆ្នាំ ២០២៤ និងបានសរសើរភាពជាអ្នកដឹកនាំរបស់ទីក្រុងម៉ាឌ្រីដ ក្នុងការកសាងសម្ព័ន្ធភាពអន្តរជាតិ ដើម្បីពង្រីកការទទួលស្គាល់។ លោកក៏បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សានៅតំបន់ហ្កាហ្សា និងតំបន់វេសបែង (West Bank) ផងដែរ។
ប្រទេសអេស្ប៉ាញ ជាកន្លែងដែលការគាំទ្រដល់បុព្វហេតុប៉ាឡេស្ទីនមានភាពរឹងមាំ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរិះគន់យ៉ាងខ្លាំងបំផុតរបស់អឺរ៉ុបចំពោះការវាយលុកយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានចាប់ផ្តើមសង្គ្រាម៕