លោកនាយករដ្ឋមន្ត្រី Bart De Wever បាននិយាយថា រដ្ឋជាច្រើននៅសហភាពអឺរ៉ុប(EU) គាំទ្រប្រទេសបែលហ្ស៊ិក ដែលប្រឆាំងនឹងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក។

សារព័ត៌មាន VRT របស់បែលហ្ស៊ិក បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រីដែលបានថ្លែងថា៖ «ប្រទេសជាច្រើននៅសហភាពអឺរ៉ុប មានជំហរដូចគ្នាទៅនឹងប្រទេសបែលហ្ស៊ិកទៅលើភាពមិនអាចទទួលយកបាននូវការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន»។
លោក De Wever មានការសង្ស័យថា ការសម្រេចចិត្តរឹបអូសទ្រព្យសម្បត្តិ នឹងត្រូវបានគាំទ្រនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃទី ១៨-១៩ ខែធ្នូ ទោះបីជាគណៈកម្មការអឺរ៉ុបទទូចឲ្យបោះឆ្នោតសម្រេច គោលការណ៍ភាគច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ដោយ។

លោកនាយករដ្ឋមន្ត្រី បានបន្តថា លទ្ធផលចុងក្រោយនៃការរឹបអូសទ្រព្យសម្បត្តិមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ ប្រទេសបែលហ្ស៊ិក មិនមានភាពជឿជាក់របស់ខ្លួន ដូចប្រទេសហុងគ្រីទេ។ យើងមិនមានបំណងរារាំងការសម្រេចចិត្តនោះទេ ប្រសិនបើមនុស្សគ្រប់គ្នា និយាយគាំទ្រវា ប៉ុន្តែរឿងនេះមិនទំនងជាកើតឡើងនោះទេ»។
លោកបាននិយាយថា លោកបានដាក់លក្ខខណ្ឌបីដល់គណៈកម្មការអឺរ៉ុប រួមទាំងការផ្តល់ការធានាហិរញ្ញវត្ថុដែលមានចំណងផ្លូវច្បាប់ដល់ប្រទេសបែលហ្ស៊ិក ដោយប្រទេសEU ដែលគ្រប់គ្រងលើទ្រព្យសម្បត្តិ របស់រុស្ស៊ីទាំងស្រុង ប៉ុន្តែ «លោកមានការសង្ស័យអំពីលទ្ធភាពដែលតម្រូវការទាំងនេះ នឹងត្រូវបានបំពេញមុនថ្ងៃទី ១៨ ខែធ្នូ» នៅពេលដែលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបលើកចុងក្រោយនៅឆ្នាំនេះ ត្រូវបានធ្វើឡើងនៅទីក្រុងប្រ៊ុចសែល។
លោក De Wever បានបន្ថែមថា៖«ខ្ញុំបានប្រាប់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដោយផ្ទាល់អំពីរឿងនេះ»៕