ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ខែធ្នូនេះ បានប្រកាសបើកដំណើរការជាផ្លូវការ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត”។ កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។

លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅឆ្នាំ២០២៥ បានឱ្យដឹងថា នេះជាលើកទី១២ហើយ ដែលពិព័រណ៍សៀវភៅបន្តរៀបចំឡើង ដើម្បីដាក់តាំងបង្ហាញសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងប្រទេសកម្ពុជា។ ក្រៅពីការតាំងបង្ហាញសៀវភៅ ក៏មានវេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបទបង្ហាញនានាទាក់ទងនឹងអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រជាដើម។ លោកបានបន្ថែមថា ជាពិសេស ដើម្បីបណ្ដុះទម្លាប់ការអានរបស់ពលរដ្ឋកម្ពុជា។
នៅក្នុងពិធីសម្ពោធបើកពិព័រណ៍សៀវភៅនាឱកាសនោះ ឯកឧត្តម ឧត្តមប្រឹក្សាព្រះមហាក្សត្រ ខៀវ កាញារិទ្ធ បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំការតាំងពិព័រណ៍សៀវភៅកម្ពុជា គឺទទួលបានការគាំទ្រច្រើនពីសាធារណជនជាច្រើន ហើយក៏បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយក្នុងការផ្សព្វផ្សាយ និងជំរុញទឹកចិត្តប្រជាជនខ្មែរឱ្យមានទម្លាប់ក្នុងការអានសៀវភៅ ស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។
ឯកឧត្តម បានគូសបញ្ជាក់ថា សៀវភៅ គឺជាធនាគារដ៏មហាសាលមួយដែលផ្ទុកនូវបញ្ញា គម្ពីសាស្រ្តា ក្បួនខ្នាត ប្រមូលផ្តុំនូវចំណេះដឹង និងទស្សនៈនានា រាប់ទាំងពីសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនាជាដើម។ ការអានសៀវភៅធ្វើឱ្យខួរក្បាលរីកលូតលាស់ ថ្កុំថ្កើង ហើយនិងចងចាំ បង្កើនបរិយាកាសរីករាយ ជាពិសេសកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធិភាព។
ពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ទីតាំងស្ថិតនៅបរិវេណ អ៊ីលីហ្សេ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះ មានស្តង់សៀវភៅចំនួនជិត៣០០ស្តង់ រួមជាមួយនឹងសៀវភៅរាប់ម៉ឺនក្បាល៕ អត្ថបទ៖ ឈិត បូរ៉ាវី












