សារព័ត៌មាន Politico បានរាយការណ៍ ដោយដកស្រង់សម្តីប្រភពថា ប្រទេសជាសមាជិកនៃអង្គការណាតូ មិនមានផែនការសកម្មភាព ក្នុងករណីដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីសម្ព័ន្ធភាពយោធានេះទេ។

យោងតាមសារព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកការទូតនៅក្នុងប្លុកនេះ មើលឃើញថា សញ្ញាដែលបាន ចេញពីទីក្រុងវ៉ាស៊ីនតោន មិនមែនជាការរៀបចំសម្រាប់ជំហានជាក់ស្តែងនោះទេ ប៉ុន្តែជាការចង្អុលបង្ហាញដល់សហភាពអឺរ៉ុបថាសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍គោលនយោបាយការបរទេសរបស់ខ្លួនទៅកាន់ទ្វីបអាស៊ី និងតំបន់អាក់ទិក។

អ្នកការទូតម្នាក់នៃសម្ព័ន្ធភាពយោធានេះ ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា អង្គការណាតូមិនអាចរៀបចំផែនការសម្រាប់អនាគត ដោយគ្មានដៃគូធំបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិកនោះទេ ពីព្រោះ «ការធ្វើបែបនេះ នឹងបំផ្លាញគោលបំណងរបស់ណាតូ»។
នាពេលថ្មីៗនេះ លោក Thomas Massie តំណាងរាស្រ្តគណបក្សសាធារណរដ្ឋមកពីរដ្ឋ Kentucky បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ ដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីសម្ព័ន្ធភាពយោធា អាត្លង់ទិកខាងជើង។ សេចក្តីព្រាងច្បាប់នេះ បានអះអាងថា សមាជិកភាពណាតូមិនមែនជាផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកទេ។ ពុំទាន់ច្បាស់លាស់ថាតើពេលណាសេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ព្រោះវាត្រូវតែពិនិត្យ និងអនុម័តជាមុនសិនដោយគណៈកម្មាធិការពាក់ព័ន្ធ៕