ប្រទេសស៊ីរីប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន បន្ទាប់ពីការដួលរលំនៃរបបរបស់ លោក អាសាដ (Assad) កាលពីមួយឆ្នាំមុន រួមទាំងការកសាងសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ការលើកកម្ពស់ជនស៊ីវិល និងជនភៀសខ្លួនឲ្យចេញពីភាពក្រីក្រ និងការទប់ស្កាត់ការរស់ឡើងវិញនៃអំពើភេរវកម្មរបស់រដ្ឋឥស្លាម (ISIS)។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនៅក្នុងការពិភាក្សាជាក្រុមចំនួនពីរ ក្នុងអំឡុងពេលសន្និសីទមួយនៅវិទ្យាស្ថានមជ្ឈិមបូព៌ា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដែលមានការចូលរួមពីសារព័ត៌មាន Arab News បានយល់ស្របថា រហូតមកដល់ពេលនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានចាត់វិធានការត្រឹមត្រូវទាំងអស់ ដើម្បីជួយប្រទេសដែលហែកហួរដោយសង្គ្រាមនេះ ឆ្ពោះទៅរកការងើបឡើងវិញ និងស្ថិរភាព។

ការពិភាក្សាមួយបានស្វែងយល់ពីផលប៉ះពាល់ដែលគោលនយោបាយអាមេរិក កំពុងមានលើការកសាងប្រទេសស៊ីរីឡើងវិញ រួមទាំងការលើកទណ្ឌកម្ម និងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការវិនិយោគពីខាងក្រៅ និងធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព។ ក្រោមការសម្របសម្រួលដោយអនុប្រធានគោលនយោបាយរបស់វិទ្យាស្ថាន លោក Kenneth Pollack អ្នកចូលរួមរួមមានឯកអគ្គរដ្ឋទូតចូលនិវត្តន៍លោក Robert Ford និង លោកស្រី Barbara Leaf និង លោក Charles Lister ដែលជាអ្នកជំនាញនៅវិទ្យាស្ថាននេះ ដែរ។
ការពិភាក្សាមួយទៀត ផ្តោតលើការលំបាកផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តនៅក្នុងប្រទេសស៊ីរី ដែលអាចជំរុញអំពើភេរវកម្ម រួមទាំងការរស់ឡើងវិញរបស់ក្រុមISIS។ អ្នកសម្របសម្រួលលោកស្រី Elizabeth Hagedorn នៃគេហទំព័រព័ត៌មានមជ្ឈិមបូព៌ា Al-Monitor ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានចូលរួមដោយលោក Mohammed Alaa Ghanem មកពីក្រុមប្រឹក្សាស៊ីរី-អាមេរិក លោកស្រី Celine Kasem មកពីសាធារណរដ្ឋអារ៉ាប់ស៊ីរី និងលោក Jay Salkini មកពីក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក- ស៊ីរី៕