បាត់ដំបង៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងវាយលុកចូលសហគមន៍នោះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ស្ថិតិអ្នកមិនទាន់បានចាក់វ៉ាក់សាំងទាំងអស់ ដើម្បីពន្យល់ពួកគាត់ពីសារប្រយោជន៍នៃវ៉ាក់សាំង និងជំរុញទៅចាក់ឱ្យបានគ្រប់ៗគ្នា។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកបវេល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានលើកឡើងថា អូមីក្រុងចាប់ផ្ដើមផ្ទុះហើយ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការរក្សាអនាម័យគម្លាតសុវត្ថិភាពសង្គម និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល៣កុំ៣ការពារ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ។ ជាពិសេសត្រូវចុះទៅតាមភូមិស្រង់ស្ថិតិជំរឿនអ្នកមិនទាន់បានចាក់វ៉ាក់សាំង ហើយជំរុញពួកគាត់ឱ្យទៅចាក់គ្រប់ៗគ្នា។
គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរខេត្តបាត់ដំបងបានចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានប្រមាណជាង ២៤ម៉ឺននាក់ ស្មើនឹងជាង ៤០ភាគរយនៃប្រជាជនគោលដៅជាង ៨០ម៉ឺននាក់ ដែលអត្រាអ្នកបានចាក់វ៉ាក់សាំងដូសជំរុញនេះមានចំនួនតិចតួចនៅឡើយ ខណៈពលរដ្ឋភាគច្រើនហាក់ដូចជាមិនចាប់អារម្មណ៍ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕