ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) បានប្រកាសកាលពីថ្ងៃពុធថា លោកបានរៀបចំការពិភាក្សា «ប្រកបដោយផលិតភាព» ជាមួយគណៈប្រតិភូអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ ត្រាំ គឺលោក Jared Kushner ស្តីពីការកសាងឡើងវិញរបស់អ៊ុយក្រែន និងធ្វើបច្ចុប្បន្នភាពផែនការ ២០ចំណុច ដើម្បីបញ្ចប់សង្គ្រាម។

លោក ហ្សេឡិនស្គី បាននិយាយនៅលើបណ្តាញ Telegramថា៖«រួមគ្នាជាមួយក្រុមរបស់យើង ខ្ញុំបានរៀបចំការពិភាក្សាប្រកបដោយផ្លែផ្កាជាមួយភាគីអាមេរិក គឺលោក Scott Bessent លោក Jared Kushner និង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ BlackRock លោក Larry Fink»។

លោកបានលើកឡើងថា កិច្ចពិភាក្សានេះ អាចត្រូវបានចាត់ទុកថា ជា «កិច្ចប្រជុំលើកដំបូងរបស់ក្រុម» ដែលមានភារកិច្ចធ្វើការលើឯកសារទាក់ទងនឹងការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចឡើងវិញនៃ ប្រទេសរបស់ខ្លួន។
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ទំនាក់ទំនងបន្ទាប់រវាងក្រុមទាំងពីរ ត្រូវបានព្រមព្រៀងគ្នា ដោយកត់សម្គាល់ថា នឹងមិនមាន «ការពន្យារពេល» នៅខាងអ៊ុយក្រែនទេ ខណៈពេលដែលពួកគេខិតខំធ្វើការ ដើម្បីទទួលបានលទ្ធផល។
លោកបាននិយាយថា៖«ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានាធិបតី (ដូណាល់) ត្រាំ និងក្រុមរបស់លោកចំពោះការងារ និងការគាំទ្រយ៉ាងសំខាន់របស់ពួកគេ»៕