ក្រុមមន្ត្រីនៃសភារបស់ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃពុធ (ទី១០ ខែធ្នូ) បានគំរាមថា នឹងមិនយល់ព្រមជាផ្លូវការ ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣០ ខែវិច្ឆិកា ដោយលើកឡើងពី «ការគ្រប់គ្រងដំណើរការបោះឆ្នោត» និង «ការជ្រៀតជ្រែក» ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ខណៈដែលការរាប់សន្លឹកឆ្នោត បានអូសបន្លាយពេលដល់ទៅ ១១ថ្ងៃ ។
ទោះបីជាគណបក្សឆ្វេងនិយម LIBRE ដែលកំពុងកាន់អំណាច មិនមានឱកាសឈ្នះការបោះឆ្នោតនេះក៏ដោយ ក៏ក្រុមនេះកំពុងផ្ដល់ការគាំទ្រ ចំពោះលោក Salvador Nasralla របស់គណបក្សសេរីនិយម ដែលត្រូវបានចោទប្រកាន់ផងដែរថា បានក្លែងបន្លំ និងបាននិយាយថា លោកបានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងនេះ។
យ៉ាងណាក្ដី គេមិនច្បាស់ទេនោះទេថា តើការប្រកាសកាលពីថ្ងៃពុធ ដោយគណៈកម្មការអចិន្ត្រៃយ៍សភាដែលធ្វើឲ្យវិបត្តិការបោះឆ្នោតរីកកាន់តែធំនោះ អាចគ្រប់គ្រាន់ ក្នុងការចាត់ទុកជាមោឃភាព ចំពោះលទ្ធផល ដែលត្រូវតែមានសុពលភាពដោយការអនុម័តពីសមាជិក ២រូប ក្នុងចំណោម ៣រូបនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

ដោយការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅបានច្រើនជាង ៩៩ភាគរយ បេក្ខជនអភិរក្សនិយម លោក Nasry Asfura របស់គណបក្សជាតិ មានប្រហែល ៤០.០០០សំឡេង នាំមុខលោក Nasralla នៃគណបក្សសេរីនិយម ខណៈដែលបេក្ខជនរបស់គណបក្ស LIBRE គឺលោកស្រី Rixi Moncada ស្ថិតក្នុងលំដាប់ទី៣ ជាមួយនឹងសំឡេងដាច់ឆ្ងាយ។ ប៉ុន្តែភាពមិនត្រូវគ្នា សម្រាប់សន្លឹកឆ្នោតសរុបប្រហែល ១៥ភាគរយ ទាមទារឲ្យមានការពិនិត្យឡើងវិញបន្ថែមទៀត ដែលធ្វើឲ្យកាន់តែមានភាពមិនច្បាស់លាស់ខាងនយោបាយ ព្រោះថា ទាំងនោះ អាចគ្រប់គ្រាន់ធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតប្រែប្រួលបាន។
ដំណើរការរាយការណ៍ដ៏ច្របូកច្របល់ និងការពន្យារពេលចេញលទ្ធផល បានជំរុញឲ្យមានការអះអាងពីការក្លែងបន្លំ ក្នុងនោះរួមទាំងការអះអាងដោយលោកស្រីប្រធានាធិបតី Xiomara Castro របស់គណបក្ស LIBRE ផងដែរ។ បាតុកររាប់រយនាក់ពាក់ពណ៌ក្រហម ដែលជាពណ៌តំណាងគណបក្សរបស់លោកស្រី បាននាំគ្នាចេញទៅតាមដងផ្លូវនៃរដ្ឋធានី Tegucigalpa កាលពីថ្ងៃពុធ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ៕


