រុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ុយក្រែនបានបើកការវាយប្រហារតាមអាកាសដ៏ធំមួយ ដោយមានយានដ្រូនយ៉ាងហោចណាស់ ២៨៧ គ្រឿង ត្រូវបានទម្លាក់ពីខាងលើតំបន់មួយចំនួន រួមទាំងទីក្រុងមូស្គូផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ដ្រូនយ៉ាងហោចណាស់ ៤០ គ្រឿង ត្រូវបានបាញ់ទម្លាក់ពីខាងលើតំបន់មូស្គូ ដែលរួមជាមួយនឹងទីក្រុងនេះ មានប្រជាជនជាង ២២ លាននាក់។
ទំហំនៃការខូចខាតមិនទាន់ច្បាស់លាស់ភ្លាមៗនោះទេ ប៉ុន្តែជើងហោះហើរ ត្រូវបានបង្វែរទិសដៅពីអាកាសយានដ្ឋានសំខាន់ៗទាំងអស់នៃទីក្រុងមូស្គូ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបច្ចុប្បន្នគ្រប់គ្រងទឹកដីអ៊ុយក្រែនតិចជាងមួយភាគប្រាំ។
រុស្ស៊ីបានវាយប្រហារប្រទេសជិតខាងតូចជាងរបស់ខ្លួនដោយមីស៊ីល និងយានដ្រូន ដោយថ្មីៗនេះបានកំណត់គោលដៅលើវិស័យថាមពលរបស់ខ្លួន។ នៅឆ្នាំនេះ អ៊ុយក្រែនបានព្យាយាមបំផ្លាញរោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងរបស់រុស្ស៊ីដោយយានដ្រូន៕
