សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១០ ខែធ្នូ) បានអនុម័តកំណែសម្របសម្រួលនៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៦ ឬ NDAA ជាសេចក្ដីស្នើច្បាប់មានទឹកប្រាក់ជិត ១សែនកោដិដុល្លារ ដែលកំណត់គោលនយោបាយ សម្រាប់មន្ទីរបញ្ចកោណ ដែលសភាសង្ឃឹមថា នឹងផ្ដល់ការអនុម័តរយៈពេល ៦៥ឆ្នាំជាប់គ្នា។
ដោយសារតែវាក្លាយជាច្បាប់ជាធរមានរៀងរាល់ឆ្នាំ សភាប្រើប្រាស់ NDAA ជាមធ្យោបាយ សម្រាប់គំនិតផ្តួចផ្តើមជាច្រើន រាប់ចាប់ពីការដំឡើងប្រាក់ឈ្នួល សម្រាប់កងទ័ព រហូតដល់ការប្រកួតប្រជែងជាមួយប្រទេសចិន និងរុស្ស៊ី និងកម្មវិធីអាវុធសំខាន់ៗ។ ច្បាប់នេះត្រូវបានតាមមើលយ៉ាងដិតដល់ដោយក្រុមហ៊ុនការពារជាតិធំៗ ដូចជា Lockheed Martin, RTX Corp និងក្រុមហ៊ុនផ្សេងទៀត ដែលទទួលបានកិច្ចសន្យារបស់ក្រសួងការពារជាតិ។

សេចក្ដីស្នើច្បាប់នេះ ផ្តល់ចំនួន ៨០០លានដុល្លារ សម្រាប់អ៊ុយក្រែន ដោយបែងចែក ៤០០លានដុល្លារម្ដង សម្រាប់ ២ឆ្នាំខាងមុខ ជាផ្នែកនៃគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលទូទាត់ឲ្យក្រុមហ៊ុនអាមេរិក ដើម្បីទិញអាវុធ សម្រាប់យោធាអ៊ុយក្រែន។ ច្បាប់នេះក៏យល់ព្រមផងដែរដល់គំនិតផ្តួចផ្តើមសន្តិសុខ នៅតំបន់បាល់ទិក ហើយផ្ដល់ ១៧៥លានដុល្លារ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់ឡាតវី លីទុយអានី និងអេស្តូនី។
សេចក្តីព្រាងច្បាប់នេះ ដែលឥឡូវ ត្រូវបញ្ជូនទៅព្រឹទ្ធសភា ក៏កំណត់សមត្ថភាពរបស់ក្រសួងការពារជាតិក្នុងការកាត់បន្ថយចំនួនកងកម្លាំងអាមេរិក នៅអឺរ៉ុប ឲ្យនៅតិចជាង ៧៦.០០០នាក់ និងរារាំងមេបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិកកុំឲ្យលះបង់តំណែងជាមេបញ្ជាការជាន់ខ្ពស់របស់អង្គការណាតូ (NATO)។ សេចក្ដីស្នើច្បាប់នេះ រួមបញ្ចូលទាំងការគាំទ្រយ៉ាងទូលំទូលាយ ចំពោះអ៊ីស្រាអែល ក្នុងនោះរួមទាំងការផ្តល់មូលនិធិពេញលេញ សម្រាប់ប្រព័ន្ធការពារមីស៊ីលរួមគ្នា Iron Dome និង David's Sling ផងដែរ៕


