លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានដាក់ដំណើរការជាផ្លូវការនូវទិដ្ឋាការ «Gold Card» (កាតមាស) របស់លោក ជាផ្លូវអន្តោប្រវេសន៍ថ្មីដែលនឹងអនុញ្ញាតឲ្យជនបរទេសបង់ប្រាក់ ១លានដុល្លារ ដើម្បីពន្លឿនការស្នើសុំទិដ្ឋាការរបស់ពួកគេ ឬឲ្យក្រុមហ៊ុនបង់ប្រាក់ ២លានដុល្លារ ដើម្បីឧបត្ថម្ភពលករបរទេសដែលពួកគេចង់នាំចូលទៅកាន់ទឹកដីអាមេរិក។
អំឡុងព្រឹត្តិការណ៍តុមូលមួយ នៅសេតវិមាន លោកប្រធានាធិបតី Trump បាននិយាយថា៖ «ជារឿងគួរឲ្យរំភើបណាស់ សម្រាប់ខ្ញុំ និងសម្រាប់ប្រទេសនេះ យើងទើបតែបានបើកដំណើរការកម្មវិធី Trump Gold Card»។

គេហទំព័រសុំទិដ្ឋាការ trumpcard.gov បានបើកដំណើរការ កាលពីរសៀលថ្ងៃពុធ ហើយរួមបញ្ចូលតំណភ្ជាប់នៃពាក្យសុំផ្លូវការ ដោយមានការសន្យាថា «ការបានស្នាក់នៅក្នុងសហរដ្ឋអាមេរិក ចំណាយពេលលឿនជាងមុន»។
គេហទំព័រផ្លូវការនេះ បានប្រកាសថា៖ «សម្រាប់ការផ្ដល់ថ្លៃសេវាដំណើរការចំនួន ១៥.០០០ដុល្លារទៅ DHS (ក្រសួងសន្តិសុខមាតុភូមិ) ហើយបន្ទាប់ពីមានការយល់ព្រមលើប្រវត្តិរូប ការបង់ប្រាក់ ១លានដុល្លារ ទទួលបានការស្នាក់នៅក្នុងសហរដ្ឋអាមេរិកលឿនរហ័សជាងមុន ជាមួយកម្មវិធី Trump Gold Card»។
បើយោងតាមគេហទំព័រ បានឲ្យដឹងទៀតថា នៅពេលដែលឯកសារពាក្យស្នើសុំត្រូវបានដាក់ ដំណើរការនឹងចំណាយពេល «ប៉ុន្មានសប្តាហ៍» ហើយនឹងរួមបញ្ចូលទាំងការសម្ភាសន៍។ ជាមួយគ្នានេះ ការបង់ថ្លៃសេវាបន្ថែមទៅក្រសួងការបរទេស អាចត្រូវបានអនុវត្ត «អាស្រ័យលើអ្នកដាក់ពាក្យសុំ»៕
