យោងតាមទិន្នន័យដឹកជញ្ជូន បានឲ្យដឹងថា នាវាដឹកប្រេងដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាង ៣០គ្រឿង ដែលកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា អាចប្រឈមនឹងការដាក់ទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីល្បាតឆ្មាំបានរឹបអូសនាវាដឹកប្រេងដែលដឹកប្រេងឆៅពីវ៉េណេស៊ុយអេឡា សម្រាប់ការនាំចេញ។
ការរឹបអូសដែលប្រកាសដោយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ (ទី១០ ខែធ្នូ) គឺជាការដឹកជញ្ជូនប្រេងលើកដំបូងពីវ៉េណេស៊ុយអេឡា ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៩ ហើយវិធានការដែលគេដឹងថា ជាលើកដំបូងរបស់រដ្ឋបាលលោក Trump ប្រឆាំងនឹងនាវាដឹកប្រេងទាក់ទងនឹងវ៉េណេស៊ុយអេឡា ចាប់តាំងពីលោកបានបញ្ជាឲ្យបង្កើនកម្លាំងយោធាដ៏ធំនៅក្នុងតំបន់នេះ។

ប្រភពពីក្នុងរង្វង់ឧស្សាហកម្មដឹកជញ្ជូន បានឲ្យដឹងថា វិធានការរបស់សហរដ្ឋអាមេរិក ខណៈដែលលោក Trump បង្កើនសម្ពាធលើរដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានធ្វើឲ្យម្ចាស់នាវា ប្រតិបត្តិករ និងភ្នាក់ងារដឹកជញ្ជូនជាច្រើនមានការប្រុងប្រយ័ត្ន ដោយក្រុមហ៊ុនជាច្រើនកំពុងពិចារណាឡើងវិញថា តើត្រូវធ្វើដំណើរចេញពីដែនទឹកវ៉េណេស៊ុយអេឡា នៅប៉ុន្មានថ្ងៃខាងមុខ តាមការគ្រោងទុកដែរ ឬយ៉ាងណា។
អ្នកជំនាញ និងអ្នកវិភាគ លើកឡើងថា ការកំណត់គោលដៅលើនាវាដឹកទំនិញ ដែលមានប្រភពចេញវ៉េណរស៊ុយអេឡានេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានការពន្យារពេលនាំចេញរយៈពេលខ្លី ហើយអាចបង្កការភ័យខ្លាចដល់ម្ចាស់នាវាមួយចំនួន ក្នុងការធ្វើប្រតិបត្តិការ។ កន្លងមក ទីក្រុងវ៉ាស៊ីនតោន មិនបានរំខានដល់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ដែលដឹកជញ្ជូនដោយឈ្មួញកណ្ដាល តាមរយៈនាវាភាគីទី ៣ ឡើយ៕
