ប្រមុខការពារជាតិអាមេរិក អូស្ត្រាលី និងអង់គ្លេស បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសខ្លួន ចំពោះភាពជាដៃគូសន្តិសុខត្រីភាគី AUKUS កាលពីថ្ងៃពុធ (ទី១០ ខែធ្នូ)។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានស្វាគមន៍ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey នៅមន្ទីរបញ្ចកោណ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធ AUKUS។

រដ្ឋមន្ត្រីទាំង៣ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា៖ «ស្របតាមចេតនារួម ក្នុងការឆ្ពោះទៅមុខទាំងស្រុងយ៉ាងឆាប់រហ័ស តាមរយៈសម្ព័ន្ធ AUKUS ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង៣ បានទទួលស្គាល់នូវការងារដែលកំពុងដំណើរការ ដើម្បីផ្តល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់កម្លាំងពលកម្ម ដើម្បីគាំទ្រដល់ការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានឧស្សាហកម្មនាវាមុជទឹកត្រីភាគី»។
ក្នុងជំនួបនោះ ប្រមុខការពារជាតិទាំង៣ បានពិភាក្សាអំពីវិធីបន្តពង្រឹងសម្ព័ន្ធ AUKUS និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកលោក ក្នុងការពន្លឿន និងផ្តោតលើការសម្រេចបាន ដើម្បីធានាឲ្យបាននូវភាពជោគជ័យយូរអង្វែងនៃភាពជាដៃគូរបស់ AUKUS។
លើសពីនោះទៀត ពួកលោកក៏បានទទួលស្គាល់ពី «ភាពចាំបាច់ដ៏មានសារៈសំខាន់» នៃកិច្ចសហប្រតិបត្តិការនាវាមុជទឹកក្រោមកម្មវិធី AUKUS Pillar I ដើម្បីធានាបាននូវការរារាំងដ៏រឹងមាំមួយ៕
