សាកសពជនរងក្រោះយ៉ាងហោច ២៤នាក់ ក្នុងទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានបញ្ចុះនៅក្នុងពិធីបុណ្យសពទ្រង់ទ្រាយធំមួយនៅទីក្រុង Padang កាលពីថ្ងៃពុធ ។
នៅតំបន់មួយស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងជាងគេបំផុតនៅខេត្តស៊ូម៉ាត្រាខាងលិច ក្រុមនគរបាលនិយាយថា ពួកគេបានកំណត់អត្តសញ្ញាណសាកសពមនុស្ស ២៣៥នាក់ ខណៈសាកសព ២៤នាក់ទៀត ពុំត្រូវបានប្រកាសបញ្ជាក់ដោយសាច់ញាតិរបស់ពួកគេនោះឡើយ ក្រោយត្រូវបានរកឃើញកាលពីរយៈពេលជាង ១សប្តាហ៍មុន ចាប់តាំងពីគ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារកោះស៊ូម៉ាត្រា កាលពីចុងខែវិច្ឆិកា ។

យោងតាមទិន្នន័យផ្លូវការ បានឲ្យដឹងថា គិតត្រឹមថ្ងៃពុធ ចំនួនមនុស្សស្លាប់សរុបដោយសារទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារព្យុះស៊ីក្លូន បានកើនឡើងដល់ ៩៦៧នាក់ ក្នុងនោះ មនុស្ស ២៦២នាក់កំពុងបាត់ខ្លួន ហើយមនុស្សប្រហែល ៥ពាន់នាក់ផ្សេងទៀត បានរងរបួស ។
ព្យុះមួយនេះ បានឆក់យកអាយុជីវិតមនុស្សប្រហែល ២០០នាក់ផងដែរ នៅក្នុងប្រទេសជិតខាងម៉ាឡេស៊ី និងតំបន់ភាគខាងត្បូងប្រទេសថៃ ។
ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងស្រុកនៅកោះស៊ូម៉ាត្រា បានអំពាវនាវឲ្យរដ្ឋាភិបាលនៅទីក្រុងហ្សាកាតា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីរកមូលនិធិបន្ថែមទៀត សម្រាប់កិច្ចខិតខំជួយសង្រ្គោះ ៕
