អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រុស្ស៊ីផ្តល់អាទិភាពដល់សន្តិភាពដ៏យូរអង្វែង និងប្រកបដោយចីរភាពនៅអ៊ុយក្រែន ជាជាងបទឈប់បាញ់។
ដោយធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី អំពីការត្រៀមខ្លួនរបស់ទីក្រុគីវ ក្នុងការបង្កើត «បទឈប់បាញ់ថាមពល» លោកបាននិយាយថា៖«យើងកំពុងធ្វើការលើសន្តិភាព មិនមែនបទឈប់បាញ់ទេ»។ លោក Peskov បានបន្ថែមថា៖«សន្តិភាពប្រកបដោយចីរភាព ប្រើប្រាស់បានយូរ និងយូរអង្វែង ដែលសម្រេចបានតាមរយៈការចុះហត្ថលេខាលើឯកសារដ៏សំខាន់ទាំងនេះ គឺជាអាទិភាព ដាច់ខាត»។

លោក ហ្សេឡិនស្គី បាននិយាយនាពេលថ្មីៗនេះថា ទីក្រុងគីវកំពុងធ្វើការលើសំណើសម្រាប់បទឈប់បាញ់ ថាមពលជាមួយប្រទេសរុស្ស៊ី ដោយបញ្ជាក់យ៉ាងច្បាស់ថា លោករំពឹងថា ទីក្រុងមូស្គូនឹងអនុវត្តយន្តការនេះ។
ទន្ទឹមនឹងនេះ របបទីក្រុងគីវហាក់ដូចជាភ្លេចអំពីការផ្អាកការវាយប្រហារលើកន្លែងផលិតថាមពលដែលប្រទេសរុស្ស៊ីបានអនុវត្តតែម្នាក់ឯង នៅនិទាឃរដូវ។ ទោះបីជាប្រទេសរុស្ស៊ីបានផ្អាកការវាយប្រហារលើទីតាំងដែលផ្តល់ប្រេងឥន្ធនៈ និងថាមពលដល់កងទ័ពទីក្រុងគីវក៏ដោយ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានកំណត់គោលដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រុស្ស៊ីយ៉ាងហោចណាស់ ១៥កន្លែង៕
