មន្ត្រីអនុវត្តច្បាប់របស់ប្រទេសបូលីវី បានចាប់ខ្លួនអតីតប្រធានាធិបតី លោក Luis Arce ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ ក្នុងចំណាត់ដែលធ្វើឲ្យមានការបែកបាក់គ្នា រយៈពេលត្រឹមតែមួយខែបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអភិរក្សនិយម លោក Rodrigo Paz ដែលបានបញ្ចប់ការគ្រប់គ្រងរបបសង្គមនិយមរយៈពេល២០ឆ្នាំ។

មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋាភិបាលរបស់លោក Paz គឺលោក Marco Antonio Oviedo បាននិយាយកាលពីថ្ងៃពុធថា លោក Arce ត្រូវបានចាប់ខ្លួនពីបទរំលោភកាតព្វកិច្ច និងប្រព្រឹត្តមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុទាក់ទងនឹងការកិបកេងមូលនិធិសាធារណៈក្នុងអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៅក្នុងរដ្ឋាភិបាលរបស់អតីតមេដឹកនាំដ៏មានអំណាច លោក Evo Morales ឆ្នាំ២០០៦-២០១៩។
កម្លាំងនគរបាលពិសេសប្រយុទ្ធប្រឆាំងអំពើពុករលួយបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP ថា លោក Arce ត្រូវបានឃុំខ្លួននៅទីស្នាក់ការកណ្តាលរបស់អង្គភាពក្នុងរដ្ឋធានី La Paz របស់ប្រទេសបូលីវី។ លោក Oviedo បាននិយាយថា «វាជាការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយយើងនឹងចាប់ខ្លួនអ្នកទាំងឡាយដែលទទួលខុសត្រូវចំពោះការកិបកេងប្រាក់យ៉ាងច្រើន»។
