ប្រភពចំនួន ២ ដែលដឹងបញ្ហានេះដោយផ្ទាល់ បានបង្ហើបឲ្យដឹងថា មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបអាមេរិក លោក Donald Trump បានធ្វើការពិភាក្សាកម្រិតខ្ពស់ ស្ដីអំពីការដាក់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ គឺ UNRWA ក្នុងទណ្ឌកម្មទាក់ទងនឹងអំពើភេរវកម្ម ដោយជំរុញឲ្យមានក្ដីបារម្ភ អំពីភាពស្របច្បាប់ និងមនុស្សធម៌ធ្ងន់ធ្ងរ នៅក្នុងក្រសួងការបរទេស។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) មួយនេះ មានប្រតិបត្តិការនៅតំបន់ហ្កាហ្សា West Bank ប្រទេសលីបង់ ហ្ស៊កដានី និងស៊ីរី ដោយផ្តល់ជំនួយ សាលារៀន ការថែទាំសុខភាព សេវាសង្គម និងទីជម្រកដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់។

មន្ត្រីជាន់ខ្ពស់របស់ UN និងក្រុមប្រឹក្សាសន្តិសុខ UN បានចាត់ទុក UNRWA ថា ជាស្ថាប័នជួយគាំទ្រដ៏សំខាន់ សម្រាប់ការឆ្លើយតបជំនួយ នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលសង្រ្គាមរយៈពេល ២ឆ្នាំ រវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានបង្កឲ្យមានមហន្តរាយមនុស្សធម៌។
តែទោះជាយ៉ាងណានេះក្ដី រដ្ឋបាលរបស់លោក Trump បានចោទប្រកាន់ទីភ្នាក់ងារនេះថា មានទំនាក់ទំនងជាមួយក្រុមហាម៉ាស ជាការចោទប្រកាន់ដែល UNRWA បានជំទាស់យ៉ាងដាច់អហង្ការ។
ទីក្រុងវ៉ាស៊ីនតោន គឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ UNRWA ជាយូរមកហើយ ប៉ុន្តែបានបញ្ឈប់ការផ្តល់មូលនិធិ កាលពីខែមករា ឆ្នាំ២០២៤ បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិករបស់ UNRWA ប្រហែលជាង ១០នាក់ថា បានចូលរួមក្នុងការវាយប្រហារបង្ហូរឈាមកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាការវាយប្រហាររបស់ក្រុមហាម៉ាសដែលបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បន្ទាប់មកបានចោទប្រកាន់ទីភ្នាក់ងារនេះ នៅក្នុងខែតុលាឆ្នាំនេះថា បានក្លាយជា «អង្គភាពរបស់ក្រុមហាម៉ាស» ដែលសហរដ្ឋអាមេរិកបានកំណត់ថា ជាអង្គការភេរវករក្នុងឆ្នាំ១៩៩៧៕
