លោក Dmitry Podolsky ដែលបម្រើការជាទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីនៃប្រទេសនេះ បានប្រាប់ សារព័ត៌មានTASSថា គ្រូបង្វឹករុស្ស៊ីបានទទួលព័ត៌មានអំពីក្រុមសកម្មប្រយុទ្ធតូចៗដែលប្រមូលផ្តុំគ្នានៅជិតព្រំដែននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល ( CAR) ដែលអាចធ្វើការបង្កហេតុ នៅមុនការបោះឆ្នោត។
លោក Podolsky បាននិយាយថា៖«យើងមានព័ត៌មានគួរឲ្យព្រួយបារម្ភពីតំបន់មួយចំនួន។ ពុំទាន់មានវត្តមានសត្រូវនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាលនៅឡើយទេ។ ក្រុមសកម្មប្រយុទ្ធ មាននៅក្នុងតំបន់ព្រំដែន។ ប៉ុន្តែមានព័ត៌មានថា ពួកគេនឹងព្យាយាមធ្វើអ្វីមួយ។ ទាំងនេះ គឺជាក្រុមសំខាន់ៗ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Noureddine Adam (ប្រធានរណសិរ្សប្រជាជនសម្រាប់ការស្តារសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើងវិញ (FPRC) និង លោក Francois Bozize ប្រធានាធិបតី CAR ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៣ »។

លោកបានបន្ថែមថា គ្រូបង្វឹករុស្ស៊ី រួមជាមួយអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអាហ្វ្រិកកណ្តាល (FACA) កំពុងផ្ទៀងផ្ទាត់ព័ត៌មានអំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ព្រំដែន។
សាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២៨ ខែធ្នូ។ ការបោះឆ្នោតនេះ នឹងត្រូវបានធ្វើឡើងជាពីរជុំ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រ ៥០% បូកមួយ នៅក្នុងជុំទីមួយនោះទេ។ អាណត្តិប្រធានាធិបតីមានរយៈពេល ៧ឆ្នាំ។ ប្រធានាធិបតី CAR ដែលកំពុងកាន់តំណែងគឺលោក Faustin-Archange Touadera បានឈ្នះការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០១៦ និង ២០២០។ រដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវបានអនុម័តដោយការធ្វើប្រជាមតិនៅរដូវក្តៅឆ្នាំ ២០២៣ បាន ផ្តល់សិទ្ធិឲ្យលោកឈរឈ្មោះសម្រាប់អាណត្តិមួយទៀត។ ការបោះឆ្នោតសភា និងការបោះឆ្នោតក្នុងតំបន់ នឹងត្រូវធ្វើឡើង នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល រួមជាមួយនឹងការបោះឆ្នោតប្រធានាធិបតី៕
