អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានថ្លែងឲ្យដឹងថា គិតមកដល់រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាមានចំនួន១១នាក់ហើយបានបាត់បង់ជីវិត ខណៈ៧៤នាក់បានរងរបួស ដោយសារទង្វើឈ្លានពានរបស់ទាហានថៃ ដែលបានបាញ់កាំភ្លើងធំនិងរថក្រោះ រួមទាំងទម្លាក់គ្រាប់បែកពីយន្តហោះF-16មកលើពួកគេយ៉ាងព្រៃផ្សៃ និងឃោឃៅបំផុតនោះ។
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពក្រោយទាហាន ឈ្លានពានថៃបើកការបាញ់ប្រហារមកលើកម្ពុជានោះ លោកជំទាវម៉ាលី សុជាតា បានប្រកាសថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ កន្លងមកនេះទាហានឈ្លានពានថៃ បានធ្វើការបាញ់ប្រហារមកលើកម្ពុជាជាច្រើន គោលដៅនៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ សាត់ ដោយបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាចំនួន១១នាក់បាត់បង់ជីវិត ដោយក្នុងនោះមានទារកម្នាក់ រងរបួសចំនួន៧៤នាក់ ខណៈរាប់សែននាក់បានកំពុងរត់ភៀសសឹកយ៉ាងអាណិតអាសូរបំផុតនោះ។
ក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
ជាមួយគ្នានេះកម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដផងដែរ៕
អត្ថបទ បាន ចក់
