យោធាបាននិយាយថា តុលាការយោធាមួយនៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសអតីតប្រធានចារកម្មប៉ាគីស្ថាន ឲ្យជាប់ពន្ធនាគារ ១៤ ឆ្នាំ រយៈពេលជាងមួយឆ្នាំបន្ទាប់ពីតុលាការនេះ បានចាប់ផ្តើមដំណើរការនីតិវិធីប្រឆាំងនឹងរូបលោក លើបទចោទប្រកាន់ជាច្រើន រួមទាំងការចូលរួមក្នុងសកម្មភាពនយោបាយ និងការរំលោភលើច្បាប់សម្ងាត់ផ្លូវការ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា តុលាការយោធាបានកាត់ទោសអតីតអគ្គនាយកស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម គឺឧត្តមសេនីយ៍ឯក Faiz Hameed ដែលចូលនិវត្តន៍ ក្រោមច្បាប់កងទ័ពប៉ាគីស្ថានក្នុងអំឡុងពេលដំណើរការនីតិវិធី ដែលមានរយៈពេល ១៥ខែ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ជនជាប់ចោទត្រូវបានកាត់ទោសជុំវិញ បទចោទប្រកាន់ចំនួន ៤ទាក់ទងនឹងការចូលរួមក្នុងសកម្មភាពនយោបាយ ការរំលោភលើច្បាប់សម្ងាត់ផ្លូវការ ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាព និងផលប្រយោជន៍របស់រដ្ឋ ការប្រើប្រាស់អំណាច និងធនធានរដ្ឋាភិបាលខុស និងការបង្កការខាតបង់ដោយខុសច្បាប់ដល់បុគ្គលមួយចំនួន។
យោធាបាននិយាយថា តុលាការនេះ បានរកឃើញថា លោក Hameed មានទោសលើបទចោទប្រកាន់ទាំងអស់បន្ទាប់ពីដំណើរការផ្លូវច្បាប់ដ៏វែងឆ្ងាយ និងយ៉ាងលំបាក ហើយបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ១៤ ឆ្នាំ។ យោធាបានបន្តទៀតថា តុលាការយោធាបានអនុវត្តតាមតម្រូវការផ្នែកច្បាប់ទាំងអស់ ហើយលោក Hameed ត្រូវបានផ្តល់សិទ្ធិការពារពេញលេញ រួមទាំងមេធាវីដែលលោកបានជ្រើសរើសផងដែរ៕
