ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់អាមេរិក បានហោះហើរពីលើសមុទ្រជប៉ុនជាមួយនឹងយន្តហោះចម្បាំងរបស់ជប៉ុន ជាការបង្ហាញកម្លាំង បន្ទាប់ពីមានសមយុទ្ធយោធារបស់ចិន និងរុស្ស៊ី នៅលើផ្ទៃមេឃ និងសមុទ្រ ជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

ក្រសួងការពារជាតិជប៉ុន បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១១ ខែធ្នូនេះថា ជប៉ុន និងសហរដ្ឋអាមេរិក «បានបញ្ជាក់ជាថ្មីនូវសេចក្ដីតាំងចិត្តយ៉ាងរឹងមាំរបស់ប្រទេសទាំង២ ក្នុងការទប់ស្កាត់ការប៉ុនប៉ងជាឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង និងបានបញ្ជាក់ពីជំហរត្រៀមខ្លួនរបស់កងកម្លាំងស្វ័យការពារ (SDF) និងកងកម្លាំងសហរដ្ឋអាមេរិក»។
ការហោះហើរនៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក ២គ្រឿង ជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ជប៉ុន ៣គ្រឿង និងយន្តហោះចម្បាំង F-15 ៣គ្រឿង គឺជាលើកទី១ ហើយដែលអាមេរិកបានអះអាងអំពីវត្តមានយោធារបស់ខ្លួន ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធា នៅក្នុងតំបន់នេះ កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា ការបង្ហាញកម្លាំងនេះកើតឡើងបន្ទាប់ពីមានការហោះហើររួមគ្នារបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន និងជប៉ុន នៅលើសមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច កាលពីថ្ងៃទី៩ ខែធ្នូ និងសមយុទ្ធនាវាផ្ទុកយន្តហោះរបស់ចិនដាច់ដោយឡែកពីគ្នា ដោយបានជំរុញឲ្យជប៉ុនប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំងដែលទីក្រុងតូក្យូបាននិយាយថា បានក្លាយជាគោលដៅរបស់រ៉ាដា៕
