នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez ជួបមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas នៅក្នុងទីក្រុង Madrid កាលពីថ្ងៃពុធ ដោយអ្នកទាំង ២ ជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ និងគ្រប់ជ្រុងជ្រោយនៅតំបន់ហ្កាហ្សា ហើយនិងបានសន្យាបញ្ជូនដៃគូអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះ ។
ថ្លែងក្រោយជំនួបនៅវិមាន Moncloa លោក Sánchez បានថ្កោលទោសអ្វីដែលលោកចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ ហើយលោកនិយាយថា អ្នកទទួលខុសត្រូវ ត្រូវរាប់បញ្ចូល ដោយលោកសង្កត់ធ្ងន់ថា បទឈប់បាញ់ណាមួយ ត្រូវតែជាបទឈប់បាញ់ពិតប្រាកដ និងមានប្រសិទ្ធិភាព ។

លោក Sánchez បានបញ្ជាក់ផងដែរពីការគាំទ្ររបស់អេស្ប៉ាញឲ្យអាជ្ញាធរប៉ាឡេស្ទីន ដើរតួរឈរនៅកណ្តាលក្នុងការរៀបចំអភិបាលកិច្ចសម្រាប់រដ្ឋប៉ាឡេស្ទីននាពេលអនាគត ។
លោក Abbas និយាយថា ជំនួបនេះ មានលក្ខណៈស្ថាបនា និងផ្តោតសំខាន់លើជំហានបន្ទាន់ដើម្បីអនុវត្តកិច្ចព្រមព្រៀងហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក និងអំពាវនាវឲ្យមានបទឈប់បាញ់ពេញលេញ និងការដកកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ។
មេដឹកនាំអាជ្ញាធរប៉ាឡេស្ទីនរូបនេះ បានថ្លែងអំណរគុណអេស្ប៉ាញ សម្រាប់អ្វីដែលលោកចាត់ទុកថាជាជំហរមនុស្សធម៌ និងនយោបាយដ៏ក្លាហាន ៕
