តាមរយៈការសិក្សាមួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ អ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ព្យុះដ៏កំណាចដែលបានបំផ្លិចបំផ្លាញប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ កាលពីចុងខែវិច្ឆិកា ត្រូវបាន «ជំរុញយ៉ាងខ្លាំង» ដោយសីតុណ្ហភាពទឹកសមុទ្រឡើងខ្ពស់ និងកាន់តែអាក្រក់ទៅៗ ដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស។
ព្យុះស៊ីក្លូនត្រូពិក Senyar បានបំផ្លិចបំផ្លាញផ្នែកដ៏ធំនៃតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបានចាប់ផ្ដើមកកើតឡើងនៅច្រកសមុទ្រម៉ាឡាកា ដោយបានឆក់យកជីវិតមនុស្សជិត ១.២០០នាក់ ក្នុងនោះមាន ៩៦៩នាក់នៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី។
ទឹកប្រាក់យ៉ាងហោចណាស់ ៣ពាន់លានដុល្លារ នៅក្នុងមូលនិធិជួយសង្គ្រោះ តម្រូវឲ្យមាន ដើម្បីដោះស្រាយការខូចខាត។ ស្រីលង្កាបានរងគ្រោះដោយទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនត្រូពិក Ditwah ដោយមានអ្នកស្លាប់លើសពី ៦០០នាក់ ហើយការខាតបង់សេដ្ឋកិច្ច គឺប្រមាណជា ៧ពាន់លានដុល្លារ។

ក្រុមអ្នកស្រាវជ្រាវមួយក្រុម ជាមួយនឹងអង្គការ World Weather Attribution បានឲ្យដឹងថា ក្នុងអំឡុងពេល ៥ថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត សីតុណ្ហភាពលើផ្ទៃសមុទ្រ នៅមហាសមុទ្រឥណ្ឌាខាងជើង គឺ ០,២អង្សាសេ ខ្ពស់ជាងមធ្យមភាគឆ្នាំ ១៩៩១-២០២០ ដែលធ្វើឲ្យព្យុះមានកម្ដៅ និងកម្លាំងកាន់តែខ្លាំង។
ក្រុមអ្នកស្រាវជ្រាវនេះ បានប៉ាន់ប្រមាណថា ប្រសិនបើអាកាសធាតុមិនកើនឡើង ១,៣អង្សាសេ ក្នុងសីតុណ្ហភាពមធ្យមពិភពលោក គិតចាប់តាំងពីសម័យមុនឧស្សាហកម្មទេនោះ ផ្ទៃសមុទ្រក្នុងតំបន់ នឹងមានសីតុណ្ហភាពត្រជាក់ជាងមុន ១អង្សាសេ នៅចុងខែវិច្ឆិកា។
ព្យុះត្រូពិក តែងមានជាធម្មតា នៅក្នុងរដូវមូសុង ហើយបើបើទោះបីអ្នកវិទ្យាសាស្ត្រ លើកឡើងថា មិនមានភស្តុតាងណាមួយ ដែលបង្ហាញថា បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យព្រឹត្តិការណ៍នេះកើតឡើងកាន់តែញឹកញាប់ក៏ដោយ ក៏ពួកគេនិយាយថា សីតុណ្ហភាពទឹកសមុទ្រកាន់តែឡើងខ្ពស់ កំពុងជំរុញឲ្យបាតុភូតធម្មជាតិនីមួយៗកាន់តែមានការបំផ្លិចបំផ្លាញជាងមុន៕


