បន្ទាប់ពីកិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN លោក Mike Waltz និងប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានបំណងបន្តដាក់សម្ពាធអតិបរមាលើអ៊ីរ៉ង់ ដើម្បីសម្រេចគោលដៅរបស់ពួកគេ នៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា “ពួកគេបានពិភាក្សាអំពីតម្រូវការក្នុងការរក្សាសម្ពាធអតិបរមាប្រឆាំងនឹងអ៊ីរ៉ង់។ លោកឯកអគ្គរដ្ឋទូត Waltz និងលោកប្រធានាធិបតី Herzog បានឯកភាពគ្នាលើតម្រូវការក្នុងការបន្តការអនុវត្តផែនការទូលំទូលាយរបស់លោកប្រធានាធិបតី ត្រាំ ឲ្យបានឆាប់ ដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា ដើម្បីធានាថា ក្រុមហាម៉ាស ត្រូវបានរំសាយយោធា និងមិនដើរតួនាទីក្នុងតំបន់ហ្កាហ្សានាពេលអនាគតទេ»។

លើសពីនេះទៅទៀត លោក Herzog និងលោក Waltz បានប្តេជ្ញាថា នឹងធ្វើការរួមគ្នា ដើម្បី «ប្រយុទ្ធប្រឆាំងនឹងការប្រឆាំងជនជាតិជ្វីហ្វ និងភាពលម្អៀងប្រឆាំងនឹងអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ»។
នៅយប់ថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដែលជំរុញឲ្យ មានការវាយប្រហារសងសឹកដោយសាធារណរដ្ឋនេះ។ សហរដ្ឋអាមេរិកបានចូលរួមក្នុងជម្លោះ នៅថ្ងៃទី២២ ខែមិថុនា ដោយវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងទីក្រុង Isfahan, Natanz និង Fordow។ នៅថ្ងៃទី ២៣ ខែមីថុន អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al-Udeid ដែលជាមូលដ្ឋានទ័ពអាកាសធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដែលមានទីតាំងនៅប្រទេសកាតា។ ក្រោយមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងគ្នាលើបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី ២៤ ខែមិថុនា៕
