ប្រទេសអ៊ីស្រាអែល ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក ជាពិសេសនៅតាមតំបន់ឆ្នេរ ខណៈពួកគេប្រឈមការមកដល់របស់ព្យុះ Byron ។
សេវាកម្មឧតុនិយមអ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ទំនងជាកើតមាននៅតាមទីក្រុងជាច្រើនចាប់ពីតំបន់ភាគខាងជើងអ៊ីស្រាអែល រហូតដល់ទីក្រុង Negev នៅភាគខាងត្បូង ក្នុងនោះ ទឹកជំនន់នឹងអាចកើតមាននៅតាមទីក្រុងទាបៗ ។
ភ្លៀងធ្លាក់កម្ពស់ ១៥០មីលីម៉ែត្រ ត្រូវបានគេព្យាករថា នឹងកើតមាននៅតាមតំបន់ឆ្នេរ ជាមួយនឹងសន្ទុះខ្យល់បក់ ៩០គ.ម ក្នុង ១ម៉ោង ។

លោក Eyal Zamir គឺជាមេបញ្ជាការកងទ័ពអ៊ីស្រាអែល បានចេញសេចក្តីណែនាំឲ្យយោធា លុបចោលការឈប់សម្រាកទាំងអស់រហូតដល់ម៉ោង ៦ព្រឹក ថ្ងៃសុក្រ ហាមប្រាមសកម្មភាពហ្វឹកហាត់ខាងក្រៅ និងកំណត់ឲ្យទាហានធ្វើកិច្ចការណាដែលចាំបាច់ប៉ុណ្ណោះ ។
អ៊ីស្រាអែលស្ថិតក្រោមការប្រុងប្រយ័ត្ន ហើយទីក្រុងជាច្រើននៅទូទាំងប្រទេស បានចាត់វិធានការ ដើម្បីត្រៀមខ្លួនសម្រាប់ការមកដល់របស់ព្យុះ ពង្រឹងក្រុមសង្រ្គោះបន្ទាន់ និងបើកទីជម្រកក្នុងករណីដែលពួកគេចាំបាច់ ។
រដ្ឋមន្រ្តីថាមពល និងហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែលលោក Eli Cohen បានវាយតម្លៃស្ថានភាពជាមួយស្ថាប័នរដ្ឋាភិបាលជាច្រើនទៀត ដើម្បីធានាការផ្គត់ផ្គង់ថាមពលពុំអាក់ខាន អំឡុងពេលព្យុះនេះ ។
គួរឲ្យដឹងថា ព្យុះ Byron បានគំរាមកំហែងបង្កើនទុក្ខលំបាកថ្មីដល់ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាផងដែរ ដោយគ្រួសារជាច្រើនបានអំពាវនាវសុំជំនួយពីជំរំសំពត់តង់លិចទឹករបស់ពួកគេ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតបានភៀសខ្លួនចេញពីទីជម្រក ដើម្បីស្វែងរកដីស្ងួត ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាបានបោកបក់ទៅលើទឹកដីដែលត្រូវបានហ៊ុមព័ទ្ធមួយនេះ ៕
