ព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (ទី១០ ខែធ្នូ) បានអនុម័តការដំឡើងអត្រាពន្ធរហូតដល់ ៥០ភាគរយ នៅឆ្នាំក្រោយ លើការនាំចូលពីប្រទេសចិន និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ក្នុងនោះរួមមានថៃផងដែរ ជាចំណាត់ការដែលត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញឧស្សាហកម្មក្នុងស្រុក បើទោះបីជាមានការមិនយល់ស្របពីក្រុមអាជីវកម្មក៏ដោយ។
សំណើដែលត្រូវបានអនុម័តដោយសភាជាន់ទាប នឹងដំឡើង ឬដាក់អត្រាពន្ធថ្មីរហូតដល់ ៥០ភាគរយ ចាប់ពីឆ្នាំ២០២៦ លើទំនិញមួយចំនួន ដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ សម្លៀកបំពាក់ ប្លាស្ទិក និងដែក នាំចូលពីប្រទេសដែលគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយម៉ិកស៊ិក រួមមានចិន ឥណ្ឌា កូរ៉េខាងត្បូង ថៃ និងឥណ្ឌូនេស៊ី។

ផលិតផលភាគច្រើន នឹងត្រូវបង់ពន្ធរហូតដល់ ៣៥ភាគរយ។ ព្រឹទ្ធសភាបានអនុម័តសេចក្តីស្នើច្បាប់នេះដោយសំឡេងគាំទ្រចំនួន ៧៦សំឡេង ខណៈ ៥សំឡេង ប្រឆាំង និង ៣៥សំឡេង អនុបវាទ។
សេចក្ដីស្នើច្បាប់ដែលត្រូវបានអនុម័តនេះ គឺមិនសូវជាតឹងរ៉ឹងដូចច្បាប់ដែលជាប់នៅត្រឹមសភាជាន់ទាប នៅរដូវស្លឹកឈើជ្រុះនេះ ដោយមានដំឡើងអត្រាពន្ធលើផលិតផលប្រហែល ១.៤០០ប្រភេទផ្សេងៗគ្នា ដែលភាគច្រើនជាវាយនភណ្ឌ សម្លៀកបំពាក់ ដែក គ្រឿងបន្លាស់រថយន្ត ប្លាស្ទិក និងស្បែកជើង ហើយបានកាត់បន្ថយកម្រិតពន្ធលើចំនួនប្រហែល ២ភាគ៣ នៃទំនិញទាំងនោះ បើធៀបនឹងសំណើដើម។
ក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបនៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាក់ថា ខ្លួននឹងតាមដានអត្រាពន្ធថ្មីរបស់ម៉ិកស៊ិកនេះ និងថ្លឹងថ្លែងពីផលប៉ះពាល់ ប៉ុន្តែបានព្រមានថា វិធានការបែបនេះនឹង «ធ្វើឲ្យខូច» យ៉ាងខ្លាំងដល់ផលប្រយោជន៍ពាណិជ្ជកម្ម៕
