អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោករំពឹងថា នឹងជជែកពិភាក្សាជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកនាចុងសប្តាហ៍នេះ លើសំណើដាក់ជូនដោយភាគីអឺរ៉ុប សម្រាប់សន្តិភាពនៅអ៊ុយក្រែន ។
លោក Merz និយាយថា នៅក្នុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ សំណើត្រូវបានដាក់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបញ្ចប់ឯកសារជាមួយរដ្ឋាភិបាលអាមេរិក នៅចុងសប្តាហ៍នេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte លោក Merz និយាយថា បើសិនជាពួកយើងបន្តជាមួយដំណើរការដែលពួកយើងគិត ដល់ពេលនោះ នឹងមានកិច្ចប្រជុំជាមួយរដ្ឋាភិបាលអាមេរិកនៅចុងសប្តាហ៍នេះ ហើយបន្ទាប់មក អាចនឹងមានជំនួបនៅទីនេះ នៅទីក្រុងប៊ែរឡាំង នាដើមសប្តាហ៍ក្រោយ ។
សូមបញ្ជាក់ថា មេដឹកនាំអង់គ្លេស បារាំង និងអាល្លឺម៉ង់មាននូវការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធជាមួយលោក Trump ដើម្បីពិភាក្សាលើកិច្ចខិតខំចុងក្រោយគេបង្អស់របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
ទីក្រុងគីវ ស្ថិតក្រោមសម្ពាធពីសេតវិមាន ឲ្យទទួលយកសន្តិភាពភ្លាមៗ ប៉ុន្តែពួកគេបានច្រានចោលផែនការគាំទ្រដោយសហដ្ឋអាមេរិក ដែលបានស្នើសុំកាលពីខែមុន ដោយពួកគេមើលឃើញថា វាលំអៀងទៅខាងទីក្រុងមូស្គូ ៕
