ធនាគារពិភពលោក (WB) នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) នេះ បានរាយការណ៍ថា ខ្លួនបានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដល់ ៤,៩ភាគរយ សម្រាប់ឆ្នាំនេះ ដោយសារគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ បានគាំទ្រដល់ប្រើប្រាស់ក្នុងស្រុក និងការវិនិយោគ ខណៈដែលតម្រូវការពីប្រទេសកំពុងអភិវឌ្ឍន៍ បានទ្រទ្រង់ការនាំចេញ។
កម្រិតនេះ គឺជាការបង្កើន ០,៤ភាគរយ លើការព្យាករពីមុនរបស់ធនាគារពិភពលោក។ សម្រាប់ឆ្នាំ២០២៦ សេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៤ភាគរយ ដោយបន្ថែមថា វិធានការសារពើពន្ធនាពេលថ្មីៗនេះ រួមជាមួយនឹងស្ថិរភាពខ្លះៗ នៅក្នុងគោលនយោបាយពាណិជ្ជកម្មសកល ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការវិនិយោគ និងការនាំចេញ។
ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សេដ្ឋកិច្ចរបស់ប្រទេសចិន បានរក្សាសន្ទុះរឹងមាំ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥ ដោយនាំឲ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ឡើងដល់ ៥,២ភាគរយ បើធៀបនឹងឆ្នាំមុន»។
តែទោះជាយ៉ាងណានេះក្ដី ធនាគាពិភពលោកបានបញ្ជាក់ថា គ្រួសារនៅតែមានប្រុងប្រយ័ត្នដដែល សម្រាប់ការចំណាយរបស់ពួកគេ ស្របពេលទីផ្សារការងារខ្សោយ និងតម្លៃផ្ទះធ្លាក់ចុះ។
លោកស្រី Mara Warwick នាយកសាខាធនាគារពិភពលោក សម្រាប់ប្រទេសចិន ម៉ុងហ្គោលី និងកូរ៉េ បាននិយាយថា «កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នឹងពឹងផ្អែកកាន់តែច្រើនលើតម្រូវការក្នុងស្រុក»៕