វាយកូនបាល់៖ កីឡាករវាយកូនបាល់អាល្លឺម៉ង់ Alexander Zverev ត្រូវបានពិន័យជាទឹកប្រាក់ ៤ម៉ឺនដុល្លារអាមេរិកបន្ទាប់ពីមិនអាចទប់កំហឹងរបស់ខ្លួនបាន និងវាយទៅលើកៅអីរបស់អាជ្ញាកណ្តាលនៅកម្មវិធីប្រកួត Mexican Open។ កីឡាករលំដាប់លេខ ៣ ពិភពលោករូបនេះបានយករ៉ាកែតរបស់ខ្លួនទៅវាយកៅអី របស់អាជ្ញាកណ្តាលជាច្រើនលើកមុននឹងឈានដល់ការដាក់ពិន័យនេះ។

ATP ឱ្យដឹងថា ទង្វើរបស់ Zverev នេះរួមមានការពិន័យ ២ម៉ឺនដុល្លារចំពោះការប្រើពាក្យសំដីមិនសមរម្យ និង ២ម៉ឺនដុល្លារទៀតពីការប្រើហិង្សាកង្វះភាពអ្នកកីឡា ខណៈចំនួនទឹកប្រាក់ពិន័យនេះគឺខ្ពស់បំផុតរបស់ ATP។ Zverev នឹងអាចរងការពិន័យបន្ថែមទៀត ខណៈដែល ATP ត្រូវធ្វើស៊ើបអង្កេតបន្តទៀត។ កីឡាករអាល្លឺម៉ង់រូបនេះក្រោយមកក៏បានធ្វើការសុំទោសផងដែរ។ សូមបញ្ជាក់ថា Alexander Zverev បានធ្វើការប្រកួតវិញ្ញាសារវាយគូជាមួយដៃគូ Marcelo Melo តែគេមិនពេញចិត្តនឹងការសំរេចចិត្តរបស់អាជ្ញាកណ្តាលជាច្រើនលើកច្រើនសារ។ Alexander Zverev ក្រៅពីពិន័យជាទឹកប្រាក់ ក៏ត្រូវបានដកឈ្មោះចេញពីការប្រកួត Mexican Open ផងដែរដែលមានន័យថា គេបាត់បង់ទឹកប្រាក់ ៣ម៉ឺនដុល្លារថែមទៀត និងមិនត្រូវបានបូកបញ្ចូលពិន្ទុទៅក្នុងតារាង ATP Ranking ផងដែរ៕
អត្ថបទ៖នាង សុភាវុធ