រដ្ឋាភិបាលប្រទេសប៊ុលហ្គារី បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ (១១ ធ្នូ) ដោយបញ្ចប់អាណត្តិក្រុមចម្រុះមួយដែលកាន់តែមិនមានប្រជាប្រិយភាព ប៉ុន្តែជំហាននេះទំនងជានឹងនាំមកនូវអស្ថិរភាពនយោបាយដ៏ចលាចលនិងយូរអង្វែងមួយ នៅមុនពេលប្រទេសសមុទ្រខ្មៅមួយនេះ បោះជំហានចូលទៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ។

រដ្ឋសហភាពអឺរ៉ុបហើយក៏ជាសមាជិកណាតូមួយនេះ បានរៀបចំការបោះឆ្នោតជាតិចំនួន ៧លើកមកហើយ ក្នុងពេល ៤ឆ្នាំកន្លងមកនេះ ខណៈរដ្ឋាភិបាលជាប់ៗគ្នា បានបរាជ័យក្នុងការរក្សាការគ្រប់គ្រងនៅក្នុងសភាដ៏បែកបាក់។ ប៊ុលហ្គារី ក៏នឹងប្រឈមការបោះឆ្នោតបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ ប្រសិនបើពុំមានរដ្ឋាភិបាលថ្មីណាមួយ ចាត់វិធានការលើបាតុកម្មដ៏ចម្រូងចម្រាស។
រដ្ឋាភិបាលដែលកំពុងចាកចេញពីតំណែងនេះ បានកាន់អំណាចត្រឹមតែ ១១ខែប៉ុណ្ណោះ ពោលគឺចាប់តាំងពីខែមករា ឆ្នាំ២០២៥នេះមក ហើយបានត្រៀមខ្លួនត្រួតពិនិត្យការផ្លាស់ប្តូរទៅជាប្រទេសចាយប្រាក់អឺរ៉ូ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ប៉ុន្តែនាយករដ្ឋមន្រ្តី លោក Rosen Zhelyazkov បានប្រគល់លិខិតលាលែងតំណែងរបស់រដ្ឋាភិបាលលោក ក្រោយការតវ៉ាតាមដងផ្លូវអស់ជាច្រើនសប្តាហ៍ ប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋ និងកញ្ចប់ថវិកាថ្មីដែលនឹងបង្កើនពន្ធអាករក្នុងស្រុក។
គួរឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើមនៅចុងខែវិច្ឆិកា នៅពេលរដ្ឋាភិបាលរបស់លោក Zhelyazkov ដែលមានសមាសភាពមកពីគណបក្សចំនួន៣ បានស្នើសេចក្តីព្រាងថវិកាមួយ ដែលរួមមានកំណើនការចូលរួមវិភាគទានសន្តិសុខសង្គម និងពន្ធលើភាគលាភ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចំណាយរបស់រដ្ឋកាន់តែខ្ពស់។ កញ្ចប់ថវិកានេះត្រូវបានដកចេញ ប៉ុន្តែកំហឹងរបស់ប្រជាជននៅតែបន្ត៕

